បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ គណបក្សប្រជាជនកម្ពុជា គឺជារបស់ប្រជាជន បម្រើប្រជាជន នៅរួមរស់ រួមសុខ និងរួមទុក្ខ ជាមួយប្រជាជនជានិច្ច

 (កំពង់ចាម)៖ នៅថ្ងៃទី៣ នៃយុទ្ធនាការ ឃោសនារកសំឡេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រធានក្រុមការងារចុះមូលដ្ឋាន ស្រុកកងមាស បានបន្តជួបសំណេះសំណាល និងចុះតាម ខ្នងផ្ទះ ជាមួយសមាជិកសមាជិកាបក្សក្នុងឃុំចំនួនពីរទៀត ក្នុងស្រុកកងមាស ខេត្តកំពង់ចាម គឺឃុំសូរគង និងឃុំរាយប៉ាយ។

នៅចំពោះមុខសមាជិកទាំងអស់ ឯកឧត្តម បានបព្ជាក់ថា«សន្តិភាព និងស្ថេរភាពនយោបាយ មានតម្លៃលើសពីអ្វីៗទាំងអស់សម្រាប់កម្ពុជា ការបោះឆ្នោតជូន គណបក្ស ប្រជាជនកម្ពុជា គឺដើម្បី ធានានូវអត្ថប្រយោជន៍ និងកំណើនសេដ្ឋកិច្ច ជាបន្តបន្ទាប់របស់ ប្រជាពលរដ្ឋ រួមគ្នារក្សាសុខ សន្តិភាព និងធានាអនាគតដ៏ល្អរបស់កូនចៅយើងគ្រប់ៗគ្នា»។

ឯកឧត្តម បណ្ឌិតសភាចារ្យ បានថ្លែងទៀតថា គណបក្សប្រជាជនកម្ពុជា គឺមិនទៅណា ចោលប្រ ជាជនជាដាច់ខាតដោយសុខចិត្តនៅខាំស្មៅ ក្រាញននាលនិងរួមសុខទុក្ខជាមួយ ប្រជាជនគ្រប់ កាលៈទេសៈ។ គ្រប់សកម្មភាព ឬជំហ៊ានដែលគណបក្សប្រជាជនកម្ពុជាបានធ្វើ គឺសុទ្ធតែមាន គោលដៅ ច្បាស់លាស់ ការសម្រេចចិត្តដោយមិនអត្តនោម័ត និងមិនធ្វើអ្វីតាមការ នឹកឃើញ ឬចង់បានការគាំទ្ររបស់ប្រជាជនដោយការកុហកបោកប្រាស់ ឬប្រើមនោគមបែប អគតិ ឬបំពុល សង្គមនោះទេ គណបក្សតែងតែឈរលើតថភាព លទ្ធភាព និងប្រសិទ្ធភាព ដែលអាចសម្រេចបាន។

ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បាននាំមកនូវការរីកចម្រើននៅទូទាំង ប្រទេសជា ពិសេស ក្នុងមូលដ្ឋានស្រុកកងមាសផ្ទាល់ ដែលបាននាំមកនូវការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធ សាលារៀន និងរោងចក្រនានា ទាក់ទាញការវិនិយោគជាច្រើន ដោយបង្កើតការងារ ជូនប្រជាពលរដ្ឋ មួយផ្នែកធំ។

ជាចុងក្រោយ ឯកឧត្តម សូមអំពាវនាវដល់ប្រជាជាតិខ្មែរឱ្យរួមគ្នាការពារសុខសន្តិភាព ការពារ សមិទ្ធផលរបស់កម្ពុជាដែលទទួលបានក្រោមការដឹកនាំរបស់គណបក្សប្រជាជន និងទៅបោះឆ្នោត ជូនគណបក្សប្រជាជននៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ គ្រប់ៗគ្នា៕