ភ្លៀងធ្លាក់ខ្លាំងវាយប្រហារភាគខាងត្បូងប្រទេសជប៉ុន ខណៈរលកកម្តៅវាយប្រហារភាគខាងលិច និងភាគខាងជើង

(តូក្យូ)៖ មន្ត្រីឧតុនិយមជប៉ុន បានអំពាវនាវឱ្យប្រជាជននៅក្នុងតំបន់ឃ្យូស៊ុ (Kyushu) ភាគខាងត្បូងប្រទេសជប៉ុន បង្កើនប្រុងប្រយ័ត្នចំពោះការរអិលបាក់ដី និងទឹកជំនន់លាយឡំជាមួយភ្លៀងធ្លាក់ខ្លាំង ដែលបានវាយប្រហារលើតំបន់នេះកាលពីចុងសប្តាហ៍ ហើយគ្រោងនឹងបន្តទៀត។ នេះបើយោងតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣ ខែកក្កដា ឆ្នាំ២០២៣។

មន្រ្តីឧតុនិយមនិយាយថា ប្រព័ន្ធសម្ពាធទាបត្រូវបានគេរំពឹងថានឹងនៅតែបន្តមាន នៅជុំវិញតំបន់ Kyushu ដោយនាំមកនូវភ្លៀងធ្លាក់ច្រើនកម្រិតជាង ៥០មីលីម៉ែត្រក្នុងមួយម៉ោង ខណៈកម្រិតភ្លៀង ៦៥មីលីម៉ែត្រ ត្រូវបានកត់ត្រាក្នុងរយៈពេលមួយម៉ោង នៅក្នុងខេត្តអូអ៉ីតា (Oita) កាលពីព្រឹកថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់)។ ពលរដ្ឋត្រូវបានណែនាំឲ្យប្រុងប្រយ័ត្នចំពោះការរអិលបាក់ដី រន្ទះ ខ្យល់បក់ខ្លាំង ទឹកជំនន់នៅតំបន់ទំនាប និងនៅតាមទន្លេ។ ជាពិសេស តំបន់ដែលធ្លាប់រងផលប៉ះពាល់នាពេលថ្មីៗនេះ មានហានិភ័យនៃការរអិលបាក់ដី និងគ្រោះមហន្តរាយផ្សេងៗ ព្រមទាំងដីហូរច្រោះដោយសារ ភ្លៀងធ្លាក់ខ្លាំង។

បន្ថែមពីលើនេះ សីតុណ្ហភាពក៏បានហក់ឡើងផងដែរនៅតាមទីតាំងមួយចំនួន ចាប់ពីភាគខាងលិច ទៅភាគខាងជើងប្រទេសជប៉ុន កាលពីថ្ងៃអាទិត្យ ចុងសប្តាហ៍ ហើយកម្ដៅក្តៅខ្លាំងត្រូវបានគេរំពឹងថា នឹងបន្តកើតមាននៅក្នុងតំបន់គីនគី (Kinki) និងតូកៃ (Tokai) នៅថ្ងៃចន្ទនេះ ដោយសីតុណ្ហភាពក្នុង តំបន់ខ្លះ ដូចជាទីក្រុង Toyota នៃខេត្ត អៃឈិ (Aichi) ឡើងដល់ ៣៥.៣អង្សាសេកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ៕