(មូស្គូ)៖ ក្រសួងការបរទេសរុស្ស៉ី កាលពីថ្ងៃសុក្រសប្តាហ៍នេះ បាននិយាយថា ខ្លួនបានកោះហៅឯកអគ្គរាជទូតជប៉ុន ជុំវិញការសម្រេចចិត្តរបស់ទីក្រុងតូក្យូក្នុងការផ្តល់បរិក្ខារយោធាឱ្យទៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០២៣។
កាលពីខែឧសភាកន្លងទៅនេះ ជប៉ុនបានប្រកាសពីផែនការបរិច្ចាគរថយន្តយោធាប្រហែល ១០០គ្រឿងឱ្យអ៊ុយក្រែន បន្ទាប់ពីធ្លាប់បានផ្តល់សម្ភារការពារផ្សេងៗ ដូចជាមួក អាវការពារគ្រាប់ ម៉ាសការពារឧស្ម័ន អាវការពារសារធាតុគ្រោះថ្នាក់ យន្តហោះដ្រូនខ្នាតតូច និងស្បៀងអាហារជាដើម។ យ៉ាងណាមិញ ទីក្រុងមូស្គូបានចោទថា ទីក្រុងតូក្យូមិនមែនផ្តល់តែរថយន្តយោធាទេ តែក្នុងនោះក៏មានរថពាសដែក និងយានសម្រាប់ប្រើប្រាស់នៅគ្រប់ស្ថានភាពផ្លូវផងដែរ។
ក្រសួងការបរទេសរុស្ស៉ី បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «ភាគីជប៉ុនបានដឹងហើយថា ការបោះជំហានបែបនេះ នឹងនាំទៅរកការកើនឡើងនៃអរិភាព ហើយបង្កើនចំនួនមនុស្សរងគ្រោះ ដោយសាររបបទីក្រុងកៀវថែមទៀត»។ រីឯបើតាមស្ថានទូតជប៉ុនវិញ ឯកអគ្គរាជទូតជប៉ុនលោក តូយ៉ូហ៉ីសា កូហ៊្សូគិ (Toyohisa Kozuki) បានប្រាប់អនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក អាន់ឌ្រៃ រូដិនកូ (Andrei Rudenko) ថា ការដែលទីក្រុងមូស្គូព្យាយាមទម្លាក់កំហុស នៃផលវិបាកជម្លោះអ៊ុយក្រែនមកលើភាគីដទៃយ៉ាងដូច្នេះ គឺមិនសមហេតុផលទាំងស្រុង ហើយមិនអាចទទួលយកបានដាច់ខាត៕