(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk Yeol) បាននិយាយនៅថ្ងៃអង្គារនេះថា លោកបានដំឡើងសម្ព័ន្ធភាពរបស់ប្រទេសលោកជាមួយសហរដ្ឋអាមេរិក ដល់កម្រិតពិសេសមួយដែលឈរលើអាវុធនុយក្លេអ៊ែរ ចំពោះមុខការកើនឡើងនៃការគំរាមកំហែងផ្នែកយោធាពីសំណាក់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣។
លោកប្រធានាធិបតីកូរ៉េខាងត្បូង ចង់សំដៅលើកិច្ចពិភាក្សារបស់លោក ជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំលុងទស្សនកិច្ចនៅទីក្រុងវ៉ាស៉ីនតោន កាលពីខែមេសា ដែលពេលនោះ មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នា ពង្រឹងការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការប្រើប្រាស់នុយក្លេអ៊ែរ ដើម្បីការពារកូរ៉េខាងត្បូង ក្នុងករណីសង្រ្គាមផ្ទុះឡើងជាមួយកូរ៉េខាងជើង ដែលជាប្រទេសមួយមានអាវុធនុយក្លេអ៊ែរក្នុងដៃផងដែរ។ លោក យូន បានលើកឡើងក្នុងសុន្ទរកថាមួយ នាឱកាសទិវាចងចាំរបស់កូរ៉េខាងត្បូង យ៉ាងដូច្នេះថា «កូរ៉េខាងជើងកំពុងបន្តដុសខាត់សមត្ថភាពមីស៉ីលនិងអាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយបានចែងច្បាប់ ដើម្បីប្រើប្រាស់ពួកវាជាផ្លូវការថែមទៀត។ ហេតុដូច្នេះ សម្ព័ន្ធភាពកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក នាពេលនេះត្រូវបានលើកកម្ពស់បន្ថែមឱ្យក្លាយទៅជា សម្ព័ន្ធភាពមួយដែលផ្អែកលើអាវុធនុយក្លេអ៊ែរ»៕