កាណាដា និងអារ៉ាប៊ីសាអូឌីត ឯកភាពភ្ជាប់ទំនាក់ទំនងទូតឡើងវិញ ក្រោយទាស់គ្នាតាំងពីឆ្នាំ២០១៨

 (អូតាវ៉ា)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣ បានបញ្ជាក់ថា ប្រទេសកាណាដា និងអារ៉ាប៊ីសាអូឌីត បានព្រមព្រៀងគ្នាស្ដារទំនាក់ ទំនងការទូតទាំងស្រុងឡើងវិញ ហើយនឹងតែងតាំងឯកអគ្គរដ្ឋទូតថ្មីរៀងៗខ្លួន ក្រោយមានជម្លោះ ការទូតនឹងគ្នាចាប់តាំងពីឆ្នាំ២០១៨មក។

បើតាមសេចក្ដីថ្លែងការណ៍ចេញផ្សាយដោយរដ្ឋាភិបាលកាណាដា និងអារ៉ាប៊ីសាអូឌីត ការសម្រេច ចិត្តស្ដារទំនាក់ទំនងនឹងគ្នាឡើងវិញ កើតមានឡើងបន្ទាប់ពីមាន កិច្ចសន្ទនារវាងនាយករដ្ឋមន្ត្រី កាណាដា លោក ចាស្ទីន ឌ្រូដូ និងព្រះអង្គម្ចាស់រជ្ជទាយាទ អារ៉ាប៊ីសាអូឌីត មហាំម៉ាត់ ប៊ីន សាល់ ម៉ាន នាឱកាសដែលមេដឹកនាំទាំង២ បានចូលរួមកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា APEC ក្នុងទីក្រុងបាងកក កាលពីខែវិច្ឆិកា ឆ្នាំ២០២២។ សេចក្ដីថ្លែងការណ៍ ដដែល បានបញ្ជាក់ទៀតថាការសម្រេចចិត្តនេះកើតចេញពីឆន្ទៈរបស់ប្រទេស ទាំង២ ដែលចង់ស្ដារទំនាក់ទំនងការទូតឡើងវិញ ដោយផ្អែកលើគោលការណ៍ គោរពគ្នាទៅវិញ ទៅមក និងដើម្បីផលប្រយោជន៍រួម៕