(ហ្សាការតា)៖ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុង ហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៉ី ឯកឧត្តម បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បាន អញ្ជើញផ្តល់សុន្ទរកថាស្វាគមន៍ ក្នុងកិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន (SEOM)។
នៅក្នុងសន្ទរកថានោះ ឯកឧត្តម អគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់ SEOM ក្នុងការពង្រឹង និងពង្រីករបៀបវារៈកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន។
ជាមួយគ្នានេះ តបតាមការអញ្ជើញរបស់វិទ្យាស្ថានអាស៉ីប៉ាស៉ីហ្វិក សម្រាប់ការអភិវឌ្ឍការផ្សព្វផ្សាយ (AIBD) ឯកឧត្តម បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលប្រព័ន្ធ ផ្សព្វផ្សាយអាស៉ីលើកទី ១៨ ក្រោមមូលបទ «ប្រព័ន្ធផ្សព្វផ្សាយពង្រឹងនិរន្តភាពសេដ្ឋកិច្ច» នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៣ នៅកោះបាលី សាធារណរដ្ឋឥណ្ឌូណេស៉ី។
ឯកឧត្តម អគ្គលេខាធិការអាស៊ាន នឹងផ្តល់សុន្ទរកថាពិសេស លើប្រធានបទ «ស្នូលនៃកំណើន»។ សូមជម្រាបជូនថា កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៉ី គឺជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលប្រមូល មន្ត្រីរដ្ឋាភិបាល អង្គការអន្តរជាតិ និងតួអង្គពាក់ព័ន្ធឧស្សាហកម្មទាំងអស់ ធ្វើការពិភាក្សាវែកញែក លើនិន្នាការបច្ចុប្បន្ន និងការវិវត្តន៍ចុងក្រោយបង្អស់ពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់។
នៅរសៀលថ្ងៃ២២ ខែឧសភា ឆ្នាំ២០២៣ នៅកោះបាលី សាធារណរដ្ឋឥណ្ឌូណេស៉ី ក្នុងឱកាស អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៉ីលើកទី ១៨ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត កៅ គឹមហួន ក៏បានទទួលជួបពិភាក្សាការងារជាមួយគណៈ ប្រតិភូវិទ្យាស្ថានអាស៉ីប៉ាស៉ីហ្វិក សម្រាប់ការអភិវឌ្ឍការផ្សព្វផ្សាយ (AIBD) ដឹកនាំនាយកប្រតិបត្តិ លោក Philomena Gnanapragasam ។
ភាគីទាំងពីរ បានពិភាក្សារិះរកវិធីដើម្បីសហការគ្នានាពេលអនាគត រវាងអាស៊ាន និង AIBD។ ឯកឧត្តម បណ្ឌិត កៅ គឹមហួន ក៏បានកោតសរសើរពីតួនាទីបុរេសកម្មរបស់ AIBD ក្នុងការផ្តល់នូវ វេទិកាសម្រាប់កិច្ចសហប្រតិបត្តិការនិងចែករំលែកចំណេះដឹងលើការអភិវឌ្ឍគោលនយោបាយប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងតំបន់អាស៉ីប៉ាស៉ីហ្វិក៕