ស្ថាប័នរដ្ឋទាំងអស់នឹងត្រូវកាត់បន្ថយការចំណាយ៥០ភាគរយក្នុងអំឡុងមានវិបត្តិ COVID-19

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសពីការសម្រេចលើវិធានការកាត់បន្ថយការចំណាយដល់ ៥០ភាគរយចំពោះតាមស្ថាប័នរដ្ឋទាំងអស់ក្នុងអំឡុងមានវិបត្តិវីរុសកូរ៉ូណាថ្មី COVID-19 ប៉ុន្តែយ៉ាងណាក៏ដោយ ការកាត់បន្ថយនេះសម្តេចបានអះអាងថា នឹងមិនឱ្យប៉ះពាល់ដល់ប្រាក់បៀវត្សរបស់មន្ត្រីរាជការនោះឡើយ។

សម្តេចតេជោ បានប្រកាសបែបនេះ នៅក្នុងពិធីបិទសន្និបាតរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០។

សម្តេចបានបញ្ជាក់ថា មានតែក្រសួង៣ប៉ុណ្ណោះ ដែលកាត់បន្ថយការចំណាយត្រឹម ២៥ភាគរយ គឺក្រសួងការបរទេស ក្រសួងពាណិជ្ជកម្ម និងទីស្តីការគណៈរដ្ឋមន្រ្តី។

ជាមួយគ្នានោះ ចំពោះពិធីបើកការដ្ឋានណាដែលជាគម្រោងថវិការបស់រដ្ឋហើយដែលមិនទាន់ធ្វើឡើង គឺសម្តេចប្រាប់ឱ្យផ្អាកជាបណ្តោះអាសន្ន រង់ចាំដល់បញ្ហា COVID-19 ត្រូវបញ្ចប់សិន ប៉ុន្តែការបើការដ្ឋានលើគម្រោងសាងសង់ក្រោមហិរញ្ញប្បទានរបស់បរទេស មិនអាចផ្អាកបានឡើយ។

សម្តេចតេជោ បានអះអាងបញ្ជាក់ថា បច្ចុប្បន្ន ការងារអាទិភាពខ្ពស់បំផុតរបស់កម្ពុជា គឺប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ COVID៕