ជម្លោះក្នុងគ្រួសារ! បុរសម្នាក់បាញ់សម្លាប់ប្រពន្ធ និងបងថ្លៃ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ ទាំងព្រឹកនៅក្រុងសៀមរាប

(សៀមរាប)៖ សេចក្ដីរាយការណ៍ជំហានដំបូង បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣នេះ មានហេតុការណ៍បាញ់ប្រហារមួយកើតឡើង នៅក្រុងសៀមរាប ខេត្តសៀមរាប។ ក្នុងហេតុការណ៍នេះ មានបុរសម្នាក់បាញ់សម្លាប់ប្រពន្ធ និងបងថ្លៃ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

សាក្សីនៅកន្លែងកើតហេតុ បានអះអាងថា ដើមឡើយខ្មាន់កាំភ្លើង បានបាញ់ប្រពន្ធនៅក្នុងផ្ទះ រួចដើរទៅបាញ់បងថ្លៃដែលកំពុងអង្គុយលក់បន្លែ ទើបបាញ់ក្បាលខ្លួនឯងតាមក្រោយដើម្បីបញ្ចប់ជីវិត។

ប្រភពព័ត៌មានបានបន្ដទៀតថា ខ្មាន់កាំភ្លើង និងប្រពន្ធទើបតែលែងលះគ្នា​ ហើយការបាញ់ប្រហារនេះ សង្ស័យផ្ដើមចេញពីជម្លោះទ្រព្យសម្បត្តិ។ យ៉ាងណាក៏ដោយ សមត្ថិច្ចមិនទាន់បញ្ជាក់លម្អិតនៅឡើយទេជុំវិញហេតុការណ៍នេះ។

ក្រោយកើតហេតុ ប្រពន្ធ និងបងថ្លៃរបស់ខ្មាន់កាំភ្លើង ត្រូវបានប្រជាពលរដ្ឋបញ្ជូនទៅមន្ទីរពេទ្យ ខណៈខ្មាន់កាំភ្លើងទំនងស្លាប់នៅកន្លែងកើតហេតុ ដោយសារបាញ់ខ្លួនឯងចំក្បាល៕