ឯកឧត្តម បណ្ឌិត កៅ គឹមហួន និងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិនលើកដំបូង រយៈពេល៦ថ្ងៃ ក្នុងនាមអគ្គលេខាធិការអាស៊ាន


 (ភ្នំពេញ)៖ តាមការអញ្ជើញរបស់ លោក Qin Gang រដ្ឋមន្ត្រីការបរទេសចិន ឯកឧត្តម បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន លើកដំបូងក្នុងនាម ជាអគ្គលេខាធិការអាស៊ាន រយៈពេល ៦ ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់២៩ ខែមីនា ឆ្នាំ២០២៣។

ទស្សនកិច្ចនេះធ្វើឡើងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងពង្រីកទំនាក់ទំនងរវាងអាស៊ាន និង ប្រទេសជាដៃគូសន្ទនាដែលប្រទេសចិនក៏ជាដៃគូសន្ទនាមួយផងដែរ។

បើតាម ឯកឧត្តម បណ្ឌិត កៅ គឹមហួន, ប្រទេសចិនគឺជាដៃគូសន្ទនាដំបូងគេហើយដែលបាន អញ្ជើញរូបឯកឧត្តមជាអគ្គលេខាធិការអាស៊ានដើម្បីបំពេញទស្សនកិច្ច ចាប់តាំងពីលោកកាន់ តំណែង នេះក្នុងឆ្នាំ២០២៣មក។

លោកបានបញ្ជាក់ឲ្យដឹងថា អំឡុងទស្សនកិច្ចនេះ លោកនឹងជួបពិភាក្សាការងារជាមួយ លោក Qin Gang រដ្ឋមន្ត្រីការបរទេសចិន និងជួបជាមួយ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ រួមទាំងមន្ត្រីមួយចំនួនទៀត ហើយលោកក៏ហ្នឹងចូលរួមនៅក្នុងវេទិកានៅខេត្តហៃណាំផងដែរ៕