ក្រសួងយុត្តិធម៌ អោយដឹងថា ទណ្ឌិត១២រូប បានឲ្យរស់នៅក្រៅពន្ធនាគារដោយភ្ជាប់លក្ខខណ្ឌ នៅឆ្នាំ២០២២


 (ភ្នំពេញ)៖ យ៉ាងហោចណាស់ មានទណ្ឌិត១២រូប ត្រូវបានដាក់ឲ្យរស់នៅក្រៅពន្ធនាគារដោយ ភ្ជាប់លក្ខខណ្ឌ នៅឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍ ដែលអានដោយ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌។

ក្នុងសន្និបាតបូកសរុបការងារយុត្តិធម៌ឆ្នាំ២០២២ និងកំណត់ទិសដៅការងារអាទិភាពឆ្នាំ២០២៣ របស់ក្រសួងយុត្តិធម៌ ដែលធ្វើឡើងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារហ្គាឌិន ស៉ីធី, លោក គឹម សន្តិភាព បានលើកឡើងពីចំណុចស្តីពីការងារដោះលែងដោយមានលក្ខណ្ឌ។

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានបញ្ជាក់ថា៖

* បានទទួលសំណើសុំយោបល់ពីសាលាដំបូងរាជធានីខេត្ត សរុបចំនួន ៥០សំណុំរឿង (ស្រី៦នាក់ និងអនីតិជន ១នាក់)
* បានផ្តល់យោបល់ជូនសាលាដំបូងរាជធានីខេត្ត សរុប ៥០សំណុំរឿង (គប្បីដោះលែង ២១រូប មិនគប្បីដោះលែង ៧រូប ផុតរយៈពេលអនុវត្តទោស ២២រូប)
* ពុំបានផ្តល់យោបល់ និងបានបញ្ជូនត្រឡប់ទៅសាលាដំបូងវិញ ដោយពុំមានឯកសារគ្រប់គ្រាន់ ចំនួន ៣សំណុំរឿង
* ជាលទ្ធផល សាលាដំបូងរាជធានីខេត្ត បានសម្រេច ដោះលែង ១២រូប និងមិនដោះលែង ចំនួន ៤រូប។

សូមជម្រាបថា ការដោះលែងដោយមានលក្ខណ្ឌ គឺអនុវត្តតាមស្មារតីនៃប្រកាសស្តីពី បែបបទនៃការ ឃ្លាំមើលតាមដាន ការត្រួតពិនិត្យ និងការបញ្ចូលទៅក្នុងសង្គមវិញ នៃទណ្ឌិតដែលត្រូវបានដោះ លែងដោយមានលក្ខខណ្ឌ របស់ក្រសួងយុត្តិធម៌ ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។

ការដោះលែងដោយមានលក្ខខណ្ឌ គឺជានីតិវិធីពិសេសមួយដែល មានកំណត់នៅក្នុងក្រមនីតិវិធី ព្រហ្មទណ្ឌកម្ពុជា ក្នុងមាត្រា៥១២ ដល់មាត្រា ៥២២, ច្បាប់ស្តីពីពន្ធនាគារ និងប្រកាសស្តីពីបែប បទនៃការឃ្លាំមើលតាមដាន ការត្រួតពិនិត្យ និងការបញ្ចូលទៅក្នុងសង្គមវិញ នៃទណ្ឌិតដែលត្រូវ បានដោះលែងដោយមានលក្ខខណ្ឌ។ នីតិវិធីនេះ ត្រូវបានបង្កើតឡើងដើម្បីជួយសម្រួលដល់ ទណ្ឌិតណា ដែលបានដឹងពីទោសកំហុសរបស់ខ្លួន ហើយមានឆន្ទៈកែប្រែខ្លួនឡើងវិញ ដោយបាន អនុវត្ដទោសនៅក្នុងពន្ធនាគារបានមួយរយៈរួចហើយ តាមលក្ខខណ្ឌនៃច្បាប់កំណត់ ឱ្យពួកគាត់បាន ជួបជុំគ្រួសារ ប្រកបមុខរបរ និងមានសិទ្ធិសេរីភាពអាចចូលរួមក្នុងសង្គមឡើងវិញបាន។

បើយោងតាមក្រមនីតិវិធីព្រហ្មទណ្ឌ បានឲ្យដឹងថា ទណ្ឌិតអាចត្រូវបានដោះលែងឱ្យមានសេរីភាព មុនកាលកំណត់នៃការអនុវត្ដទោស ដោយត្រូវគោរពនូវលក្ខខណ្ឌ ០២ ដូចខាងក្រោម៖

១៖ លក្ខខណ្ឌទាក់ទងនឹងកិរិយាមារយាទ៖ ទណ្ឌិតត្រូវបង្ហាញឱ្យឃើញថា ខ្លួនមានគំនិតមារយាទល្អ ក្នុងរយៈពេលជាប់ឃុំ និងមានសម្បទាដែលអាចបញ្ជូនខ្លួនទៅក្នុងសង្គមវិញបាន។ មានន័យថា ទណ្ឌិតត្រូវធ្វើសកម្មភាពផ្សេងៗជាអាទិ៍ ការរាងចាល ការដឹងកំហុស ការសម្ដែងឆន្ទៈសោកស្ដាយ ចំពោះអំពើរបស់ខ្លួន ជាដើមដែលឱ្យគេមើលឃើញថាខ្លួនពិតជាមានឆន្ទៈ និងលក្ខណៈគ្រប់គ្រាន់ អាចចេញពីពន្ធនាគារដោយការដឹងកំហុស ចេះកែប្រែខ្លួនឡើងវិញ។

២៖ លក្ខខណ្ឌទាក់ទងនឹងថិរវេលានៃទោសដែលត្រូវបានទទួលរួចរាល់ហើយ។ មានន័យថា ការ ដោះលែងដោយមានលក្ខខណ្ឌ អាចត្រូវផ្ដល់ឱ្យដល់ទណ្ឌិត ដែលបានទទួលរងទោសដាក់ពន្ធ នាគារបានត្រឹមកម្រិតមួយចំនួនដូចជា៖

* ក. ចំនួនពាក់កណ្ដាលនៃទោសប្រសិនបើទោសនោះតិចជាង ឬស្មើ ១ឆ្នាំ
* ខ. ចំនួនពីរភាគបី នៃទោសក្នុងករណីផ្សេងទៀត
* គ.ទណ្ឌិតដែលត្រូវជាប់ពន្ធនាគារអស់មួយជីវិត អាចទទួលការដោះលែងដោយមានលក្ខខណ្ឌ ប្រសិនបើទណ្ឌិតនោះទទួលទោសជាប់ពន្ធនាគារយ៉ាងតិចបំផុត២០ (ម្ភៃ) ឆ្នាំរួចមកហើយ៕