មេបក្សប្រឆាំងនិរទេសខ្លួនបេឡារុស អំពាវនាវឲ្យបេឡារុស ផ្តាច់ទំនាក់ទំនងជាមួយរុស្ស៉ី

 (វ៉ាស៉ីនតោន)៖  យោងតាម ការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣ បញ្ជាក់ថា លោកស្រី ស្វេថ្លាណា ទីខាណូវស្កាយ៉ា (Svetlana Tikhanovskaya) មេដឹកនាំបក្សប្រឆាំងបេឡារុស្សដែលកំពុងនិរទេសខ្លួន នៅថ្ងៃពុធសប្តាហ៍នេះ បានជំរុញឲ្យប្រទេសរបស់ខ្លួន ផ្តាច់ទំនាក់ទំនងជាមួយរុស្ស៉ី និងបង្ហាញពីជំហរប្រឆាំងការគាំទ្ររបស់ លោកប្រធានាធិបតី អាឡិចសាន់ដឺ លូកាសិនកូ (Alexander Lukashenko) ចំពោះសង្រ្គាម អ៊ុយក្រែន។

លោកស្រី ទីខាណូវស្កាយ៉ា បានប្រាប់សន្និសីទសារព័ត៌មានមួយនៅឯវិមានកាពីតូល របស់សហរដ្ឋ អាមេរិក យ៉ាងដូច្នេះថា «វាដល់ពេលហើយដើម្បីរុញច្រានការជ្រៀតជ្រែក របស់រុស្ស៉ីលើកិច្ចការផ្ទៃ ក្នុងរបស់បេឡារុស។ នោះជារបបខុសច្បាប់ និងធ្វើសកម្មភាពអាណានិគមប្រឆាំងភាពសុខសាន្ត និងអត្តសញ្ញាណជាតិរបស់យើង»។

លោកស្រីបានបន្ថែមថា «យោធានៃប្រទេសឈ្លានពានបានប្រើប្រាស់ទឹកដី ដែនអាកាស និងហេដ្ឋា រចនាសម្ព័ន្ធរបស់យើងដោយសេរី ដើម្បីវាយប្រហារ និងគំរាមកំហែងអ៊ុយក្រែន។ យោធារុស្ស៉ីគួរតែ ដកចេញទាំងស្រុងពីបេឡារុស ហើយប្រទេសរបស់យើងត្រូវតែបញ្ឈប់ការចូលរួមនៅក្នុង សង្គ្រាម»៕