(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នេះ បានណែនាំដល់ម្ចាស់អាជីវកម្មទាំងអស់ ត្រូវធ្វើសកម្មភាពអាជីវកម្មប្រកាន់ យកគោលការណ៍ ប្រកួតប្រជែងដោយសីលធម៌ ត្រូវអួតពីផលិតផលរបស់ខ្លួន តែមិនត្រូវវាយប្រហារលើផលិតផល របស់គេ។
ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា សរុបជិត៥ពាន់នាក់ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកដល់ម្ចាស់អាជីវកម្ម ត្រូវពង្រឹងគុណភាពផលិតផលរបស់ខ្លួន រួមជាមួយតម្លៃ ល្អជាងការបង្អាប់ផលិតផលរបស់អ្នកដទៃ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងកុំធ្វើអ្នកខ្លាំងក្នុងចំណោមអ្នក ខ្សោយ ត្រូវខិតខំធ្វើអ្នកខ្លាំង ក្នុងចំណោមអ្នកខ្លាំង ត្រូវខិតខំប្រកួតប្រជែងដើម្បីលូតលាស់ទាំងអស់គ្នា […] បើសិនជាចង់ឲ្យអាជីវកម្មយើងដាច់ យើងកុំទៅបំផ្លាញអាជីវកម្មអ្នកដទៃ គឺយើងខិតខំបង្កើនគុណ ភាពរបស់យើង»។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានលើកជាឧទាហរណ៍ថា ក្នុងករណីអ្នកលក់ចំណីអាហារ ត្រូវធ្វើឲ្យ ចំណីអាហាររបស់ខ្លួនផលិតត្រូវមានគុណភាព មានអនាម័យ ទទួលទានឆ្ងាញ់ និងមានតម្លៃសម រម្យ ហើយម្ខាងទៀតត្រូវរត់ប្រណាំងអំពីគុណភាពដូចគ្នា ព្រោះអតិថិជនមិនអាចទៅទទួលទានកន្លែង ណាដែលខ្វះអនាម័យនោះទេ។ មួយវិញទៀត សម្ដេចបានណែនាំមិនឲ្យប្រើប្រាស់ការដេញថ្លៃ ដោយទម្លាក់តម្លៃនោះ ប៉ុន្ដែបញ្ហាគុណភាព គឺជារឿងចម្បង។
ដោយឡែក សម្រាប់ក្របខ័ណ្ឌតំបន់ និងប្រទេសវិញ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន អះអាងថា មិនបានធ្វើវិច្ឆេទកម្ម ទប់ស្កាត់ការរីកចម្រើនរបស់ប្រទេសណាមួយនោះទេ ជារឿងមិនអាចទៅរួច នោះទេ ខណៈប្រទេសនោះក៏ជាប្រជាជាតិមួយនោះដែរ។ ជាក់ស្ដែង មិនអាចធ្វើឲ្យវៀតណាម ខ្សោយ ថៃខ្សោយ ហើយកម្ពុជាខ្លាំងនោះទេ ទាំងអស់នេះជាចំណុចខុសឆ្គង៕