(កូឡុំបូ)៖ យោងតាមកាសែត Channel News Asia គឺ មន្ត្រីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងថា ប្រទេសស្រីលង្កានឹងទទួលបានចំណែកថវិកាដំបូងប្រហែល ៣៣០លានដុល្លារនៃ កញ្ចប់ថវិកាសង្គ្រោះជិត ៣ពាន់លានដុល្លារពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក្នុងពេលពីរថ្ងៃទៀត ហើយការផ្តល់ជូនចំណែកថវិកាផ្សេងទៀតនឹងត្រូវធ្វើឡើងដោយភ្ជាប់ទៅនឹងលក្ខខណ្ឌពិនិត្យវាយតម្លៃជាមុនរៀងរាល់ប្រាំមួយខែម្តង។
កាសែត Channel News Asia បានរាយការណ៍ថា ក្រុមប្រឹក្សាប្រតិបត្តិរបស់មូលនិធិ IMF បាន អនុម័តថវិកាសង្គ្រោះជិត ៣ពាន់លានដុល្លារសម្រាប់ស្រីលង្កា ហើយប្រធានាធិបតីរបស់ប្រទេស នេះបាននិយាយថា កម្មវិធីនេះនឹងអនុញ្ញាតឱ្យប្រទេសរបស់លោកទទួលបានមូលនិធិសរុបរហូតដល់ ៧ពាន់លានដុល្លារ។
លោកប្រធានាធិបតី Ranil Wickremesinghe បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ខ្ញុំសូមថ្លែងអំណរគុណចំពោះមូលនិធិ IMF និងដៃគូអន្តរជាតិរបស់យើងសម្រាប់ការគាំទ្ររបស់ ពួកគេខណៈពេលដែលយើងព្យាយាមធ្វើឱ្យសេដ្ឋកិច្ចវិលត្រលប់មករកផ្លូវត្រូវវិញសម្រាប់រយៈពេលវែង តាមរយៈការគ្រប់គ្រងសារពើពន្ធប្រកបដោយការប្រុងប្រយ័ត្ន និងរបៀបវារៈកំណែទម្រង់ប្រកប ដោយមហិច្ឆតារបស់យើង»។
ការគ្រប់គ្រងសេដ្ឋកិច្ចមិនត្រឹមត្រូវ គួបផ្សំនឹងផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ បានធ្វើឱ្យ ប្រទេសស្រីលង្កាខ្វះខាតប្រាក់ដុល្លារយ៉ាងធ្ងន់ធ្ងរសម្រាប់ការនាំចូលទំនិញសំខាន់ៗនៅដើមឆ្នាំមុន ដោយធ្វើឱ្យប្រទេសនេះធ្លាក់ចូលក្នុងវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតក្នុងរយៈពេលប្រាំពីរទសវត្សរ៍។
យោងតាមកាសែត Channel News Asia គឺ លោកស្រី Kristalina Georgieva អគ្គនាយក មូលនិធិ IMF បានព្រមានថា ទីក្រុងកូឡុំបូ ត្រូវតែ បន្តកំណែទម្រង់ពន្ធ និងសំណាញ់សុវត្ថិភាព សង្គមកាន់តែច្រើនសម្រាប់អ្នកក្រីក្រ ហើយគ្រប់គ្រង អំពើពុករលួយដែលត្រូវបានស្តីបន្ទោសមួយ ផ្នែកថាបានបង្កឱ្យមានវិបត្តិនេះ៕