(វ៉ាស៊ីនតោន)៖ តាមទីភ្នាក់ងារព័ត៌មាន AFP បានអោយដឹងថាការដួលរលំធនាគារ Silicon Valley Bank (SVB) កាលពីសប្តាហ៍មុនអាចនាំឱ្យវដ្តនៃការដំឡើងអត្រាការប្រាក់បច្ចុប្បន្នរបស់ធនាគារ កណ្តាលអាមេរិកដល់ទីបញ្ចប់លឿនជាងការរំពឹងទុករបស់ក្រុមអ្នកវិភាគ។ ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា ក្រុមពាណិជ្ជករនិងក្រុមអ្នកវិភាគដែលធ្លាប់បានព្យាករថា ធនាគារកណ្តាល អាមេរិកនឹងបង្កើនល្បឿននៃការដំឡើងអត្រាការប្រាក់ដើម្បីទប់ស្កាត់អតិផរណា ឥឡូវនេះបានលុប ចោលការរំពឹងទុករបស់ខ្លួនវិញ ដោយអ្នកខ្លះនិយាយថា ធនាគារកណ្តាលអាមេរិកនឹងរក្សាអត្រាការ ប្រាក់គោលរបស់ខ្លួននៅដដែលនៅសប្តាហ៍ក្រោយ ដោយសារបញ្ហានៅក្នុងវិស័យធនាគារ។
ការដួលរលំកាលពីសប្តាហ៍មុនរបស់ធនាគារ SVB និងធនាគារ Signature Bank ដែលមានមូល ដ្ឋាននៅទីក្រុងញូវយ៉កបានបង្កើតជាការបរាជ័យដ៏ធំបំផុតរបស់ធនាគារចាប់តាំងពីវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ២០០៨។
ការដួលរលំនេះបានធ្វើឱ្យគណៈកម្មាធិការទីផ្សារបើកចំហសហព័ន្ធ (FOMC) របស់ធនាគារ កណ្តាលអាមេរិកស្ថិតនៅក្នុងស្ថានភាពពិបាកមួយ ខណៈដែលគណៈម្មាធិការនេះសម្លឹងឆ្ពោះទៅរក ការដោះស្រាយអតិផរណាដែលកើនឡើងខ្ពស់ជាងទិសដៅ និងទិន្នន័យសេដ្ឋកិច្ចមិនសូវល្អ។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP គឺ ក្រុមអ្នកវិភាគនៅក្រុមហ៊ុន Goldman Sachs និងក្រុមហ៊ុន Wells Fargo ឥឡូវនេះព្យាករថា ធនាគារកណ្តាលអាមេរិកនឹងបញ្ចប់វដ្តដំឡើងការប្រាក់របស់ខ្លួន នៅថ្ងៃទី២២ ខែមីនា ខណៈពេល ដែលសេដ្ឋវិទូនៅក្រុមហ៊ុន JP Morgan និងក្រុមហ៊ុន Oxford Economics មើលឃើញថា ការបោះ ឆ្នោតរបស់ FOMC ដើម្បីដំឡើងអត្រាការប្រាក់ ០,២៥ភាគ រយទៀតមានកាន់តែតូចទៅ។ ៕