ឆេះដេប៉ូស្តុកឥន្ធនៈនៅប្រទេសឥណ្ឌូណេស៉ី ផ្តាច់ជីវិតមនុស្សយ៉ាងហោច ១៧នាក់ ខណៈ៥០ នាក់រងរបួស


 (ហ្សាការតា)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៤ ខែមីនា ឆ្នាំ ២០២៣ មនុស្សយ៉ាងហោចណាស់ចំនួន១៧នាក់ បានបាត់បង់ជីវិត និងរាប់សិបទៀតបានទទួល រងរបួស ក្នុងគ្រោះអគ្គិភ័យដ៏ធំមួយ នៅដេប៉ូស្តុកឥន្ធនៈមួយកន្លែង ក្នុងរដ្ឋធានីហ្សាការតានៃប្រទេស ឥណ្ឌូណេស៉ី។

អាជ្ញាធរឥណ្ឌូណេស៉ីបានឱ្យដឹងថា គ្រោះអគ្គិភ័យខាងលើក៏បានឆាបឆេះផ្ទះសម្បែងអស់ប៉ុន្មានខ្នង ផងដែរ ហើយបង្កឱ្យមនុស្សម្នារត់ភៀសខ្លួនយ៉ាង​ភ័យស្លន់ស្លោ និងបង្ខំឱ្យមានការជម្លៀសប្រជាជន ចេញពីតំបន់លំនៅឋានក្បែរដេប៉ូនោះ ដែលធ្វើប្រតិបត្តិការដោយក្រុមហ៊ុនថាមពលរបស់រដ្ឋ ឈ្មោះ ប៉ឺតាមីណា (Pertamina) និងមានទីតាំងស្ថិតនៅនៅភាគខាងជើងទីក្រុងហ្សាការតា។

គួរបញ្ជាក់ថា ហេតុការណ៍គ្រោះអគ្គីភ័យនោះបានកើតឡើង បន្ទាប់ពីម៉ោង៨យប់ថ្ងៃសុក្រសប្តាហ៍ នេះ ហើយត្រូវបានពន្លត់ឱ្យរលត់ទៅវិញនៅប៉ុន្មាន​ម៉ោងក្រោយ។ ក្រៅពីមនុស្ស១៧នាក់ដែលបានស្លាប់ មានមនុស្ស៥០នាក់ទៀតរងរបួស។ ពេលនេះអាជ្ញាធរជំនាញឥណ្ឌូណេស៉ីកំពុងស៉ើបអង្កេតរកមូលហេតុនៅពីក្រោយការកកើតគ្រោះអគ្គីភ័យ៕