(មូស្គូ)៖ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០៣ ខែមីនា ឆ្នាំ២០២៣ បញ្ជាកថា ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា នាវាមុជទឹកមួយរបស់ខ្លួន បានបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីល Cruise នៅសមុទ្រជប៉ុន។
ក្រសួងបានប្រកាសនៅថ្ងៃសុក្រនេះថា នាវាមុជទឹក Petropavlovsk-Kamchatsky ដើរដោយប្រេង ម៉ាស៊ូត បានបាញ់បង្ហោះមីស៊ីលឈ្មោះ Kalibr អំឡុងពេលសមយុទ្ធមួយដោយជោគជ័យ។
វីដេអូដែលចេញផ្សាយដោយក្រសួង បានបង្ហាញនាវាមុជទឹកចាកចេញពីទីក្រុង Vladivostok នៅ ចុងបូព៌ា ហើយបានបាញ់មីស៊ីលចូលទៅក្នុងសមុទ្រ។
ក្រសួងនិយាយថា កាំជ្រួចនេះបានបាញ់ចំគោលដៅដែលបានកំណត់ក្នុងកន្លែងហ្វឹកហ្វឺនចម្ងាយជាង ១,០០០គីឡូម៉ែត្រ។
គួរបញ្ជាក់ថា សមយុទ្ធចុងក្រោយនេះត្រូវបានគេជឿថា មានគោលបំណងផ្ញើការព្រមានដល់សហរដ្ឋ អាមេរិក និងជប៉ុន ដែលមានជម្លោះជុំវិញការលុកលុយអ៊ុយក្រែន ខណៈរុស្ស៊ីក៏បារម្ភដែរថា អាមេរិកកំពុងពង្រឹងវត្តមានយោធារបស់ខ្លួនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕