(ភ្នំពេញ)៖ ក្រុមជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវ រហូតឃាត់ខ្លួនបាន កាលពីវេលាម៉ោង ១៧៖៥០នាទី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចផ្ទះគ្មានលេខ ភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ពាក់ព័ន្ធករណីឆក់កាបូបស្ពាយរបស់ស្រ្តីជាជនជាតិចិន កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចផ្លូវសហពន្ធ័រុស្សី មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យទាំង៣នាក់ រួមមាន៖
*ទី១៖ ឈ្មោះ ឆន ប៊ុនឆាយ
អាយុ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចប្បន្ន ភូមិត្រពាំងមាស ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
*ទី២៖ ឈ្មោះ វ៉ាន់ ថារ៉ាត់ អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ
ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
*ទី៣៖ ឈ្មោះ សូ ដេវីត អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ
ទីលំនៅបច្ចប្បន្ន ភូមិសហគមន៍កៃណ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការនេះ អាវុធហត្ថចាប់យកវត្ថុតាង ម៉ូតូចំនួន០២គ្រឿងម៉ាក៖ ១.សង់សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JK-4885 (ម៉ូតូជនសង្ស័យធ្វើសកម្មភាពឆក់), ២.សង់សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ JQ-1276 (ម៉ូតូធ្វើសកម្មភាពឆក់), រួមនឹងសម្ភារមួយចំនួនទៀត។
ជនសង្ស័យទាំង៣នាក់ បានសារភាពឲ្យដឹងដូចគ្នាថា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៥ ពួកខ្លួនមានគ្នា០៤នាក់ បានជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ចំនួន៣គ្រឿង ចេញធ្វើសកម្មភាពឆក់ លុះពេលជិះហួសព្រលានយន្តហោះអន្តរជាតិភ្នំពេញបន្តិច ពួកខ្លួនបានឃើញស្រ្តីជនរងគ្រោះ ជាជនជាតិចិនម្នាក់ កំពុងដើរតាមផ្លូវ មានស្ពាយកាបូប ពួកខ្លួនក៏បានធ្វើសកម្មភាពឆក់ទៅលើស្រ្តីជនរងគ្រោះនោះ ចំនួន០២លើកទើបបានសម្រេច។
ដំបូងឡើយ ចូលធ្វើសកម្មភាព ០២នាក់ ជិះម៉ូតូ០១គ្រឿង តែពុំបានសម្រេចព្រោះជនរងគ្រោះដឹងខ្លួនទាន់ ឃើញដូចនេះ បក្ខពួកម្នាក់ទៀតដែលនៅពីក្រោយ ជិះម៉ូតូ០១គ្រឿងម្នាក់ឯង បានបន្តធ្វើសកម្មភាពឆក់ម្តងទៀត រហូតបានសម្រេច រួចក៏នាំគ្នាជិះគេចខ្លួនរៀងៗខ្លួន។
លុះមកដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១៦និង០០នាទី ខណៈពេលពួកខ្លួនកំពុងជួបជុំគ្នានៅផ្ទះមិត្តភក្តិ ក៏ស្រាប់តែមានកម្លាំងសមត្ថកិច្ចអាវុធហត្ថ ចុះមកឃាត់ពួកខ្លួនតែម្តង។ ចំណែកឯបក្ខពួកម្នាក់ទៀតដែលរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត។
ជនសង្ស័យឈ្មោះ ឆន ប៊ុនឆាយ បានបញ្ជាក់ថា កាលពីអំឡុងឆ្នាំ២០១៩ ខ្លួនធ្លាប់ជាប់ពន្ធនាគារព្រៃស រយៈពេលមួយឆ្នាំ ពីបទលួចទូរស័ព្ទដៃ និងជនសង្ស័យឈ្មោះ វ៉ាន់ ថារ៉ាត់ បានបញ្ជាក់ថា កាលពីអំឡុង ឆ្នាំ២០២០ ខ្លួនធ្លាប់ជាប់ពន្ធនាគារព្រៃស រយៈពេលមួយឆ្នាំកន្លះ ពីបទឆក់កាបូប។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕