(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យ លោកស្រី ហ្កាប្រីអែល កាតស្មារ៉ែក (Mrs. Gabriele KATZMAREK) ប្រធានគណៈប្រតិភូក្រុមសភាសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ទទួលបន្ទុក អាស៊ាន ចូលជួបសម្តែងការគួរសមនៅវិមានរដ្ឋសភា។
នៅក្នុងជំនួបនេះ លោកស្រី ហ្កាប្រីអែល កាតស្មារ៉ែក បានថ្លែងអំណរគុណជ្រាលជ្រៅ ដែលសម្តេច ប្រធានបានអនុញ្ញាតឱ្យគណៈប្រតិភូលោកស្រីបានចូលជួបសម្តែងការគួរសមជាឱកាសនេះ។ លោកស្រី បានអបអរសាទរចំពោះការរីកចម្រើនដ៏ឆាប់រហ័សរបស់កម្ពុជានៅលើគ្រប់វិស័យ នាពេលបច្ចុប្បន្ននេះ។
លោកស្រីប្រធានគណៈប្រតិភូបានលើកឡើងថា ប្រទេសកម្ពុជា និងអាល្លឺម៉ង់មានទំនាក់ទំ និងកិច្ច សហប្រតិបត្តិការជាមួយគ្នាតាំងពីរយូរណាស់មកហើយ។ ដូច្នេះប្រទេសទាំងពីរត្រូវពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំបន្ថែម ទៀតនៅក្នុងការកសាងសមិទ្ធផលថ្មីៗដល់ប្រទេសទំាងសងខាង។
សម្តេចអគ្គមហាពញាចក្រីហេង សំរិន បានលើកឡើងថា អាល្លឺម៉ង់បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាសព្វថ្ងៃ តាមរយៈការឧបត្ថម្ភគាំទ្រ និងការ ផ្តល់ជំនួយសន្ធឹកសន្ធាប់ លើគម្រោងអភិវឌ្ឍន៍នានា និងតាមរយៈការធ្វើកិច្ចសហប្រតិបត្តិការសេដ្ឋ កិច្ច-សង្គម និងវប្បធម៌ ដ៏ល្អជាមួយគ្នាផងដែរ។
សម្តេចបានគូសបញ្ជាក់ថា កម្ពុជា-អាល្លឺម៉ង់ មានទំនាក់ទំនងការទូត ជាមួយគ្នារយៈពេលជាង ៥ទសវត្សរ៍មកហើយ។ ទំនាក់ទំនងដ៏ល្អនេះ ត្រូវបានបន្តលើកកម្ពស់កាន់តែល្អប្រសើរឡើង ជាបន្តបន្ទាប់។ កាលពីសប្តាហ៍មុន លោកប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអាលឺ្លម៉ង់ បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ដែលបានបើកទំព័រប្រវត្តិសាស្រ្តថ្មី នៃទំនាក់ ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ កម្ពុជា-អាល្លឺម៉ង់ ហើយដំណើរទស្សនកិច្ចរបស់លោកស្រី និងគណៈប្រតិភូនាពេលនេះ នឹងកាន់តែជួយលើកកម្ពស់ទំនាក់ទំនង មិត្តភាព និង កិច្ចសហប្រតិ បត្តិការដ៏ល្អ ដែលមានស្រាប់ ជាពិសេសរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ឱ្យកាន់តែស្អិតរមួត និងរីកចម្រើនខ្លាំងក្លាទ្វេដងថែមទៀត។
សម្តេចប្រធានរដ្ឋសភា បានជម្រាបប្រតិភូថា សុខសន្តិភាពពេញលេញ ដែលកម្ពុជាបានកំពុងមាន នាពេលនេះ ជាកាលានុវត្តភាពដ៏ប្រសើរក្រៃលែងក្នុងការធ្វើឱ្យកម្ពុជាបន្តអភិវឌ្ឍលើគ្រប់វិស័យ ដោយឈរលើគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស គោរពសិទ្ធិមនុស្ស និងអភិបាល កិច្ចល្អ។
មុននឹងបញ្ចប់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអរគុណចំពោះ រដ្ឋាភិបាល និងប្រជាជន អាល្លឺម៉ង់ ដែលបានជួយដល់កម្ពុជា តាំងពីដំណាក់កាលស្វែងរកសន្តិភាព រហូតដល់ការរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាលើគ្រប់វិស័យ រួមមាន អប់រំ វប្បធម៌ ការអភិវឌ្ឍជនបទ ថាមពល ការបោសសម្អាតមីន ការកាត់បន្ថយភាពក្រីក្រ ការធ្វើកំណែទម្រង់ដីធ្លី ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងអភិបាលកិច្ចល្អជាដើម៕