រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៉ី៖ ឥណ្ឌូណេស៉ីវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ចិន សម្រាប់ផែនការសន្តិភាពមីយ៉ាន់ម៉ារបស់អាស៊ាន


 (ហ្សាការតា)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ អោយដឹងថា រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៉ី លោកស្រី រេតណូ ម៉ាស៊ូឌី (Retno Marsudi) នៅថ្ងៃពុធនេះ បាននិយាយថា ប្រទេសរបស់លោកស្រីវាយតម្លៃខ្ពស់ ចំពោះការគាំទ្រ របស់ប្រទេសចិន សម្រាប់ចំណុចឯកច្ឆន្ទទាំង៥របស់អាស៊ាន ដែលមានគោលដៅនាំមកនូវការ បញ្ចប់អំពើហិង្សា និងស្តារឡើងវិញនូវសន្តិភាព ក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបច្ចុប្បន្នស្ថិតក្រោម របបដឹក​នាំយោធា ចាប់តាំងតែពីឆ្នាំ២០២១មក។

លោកស្រីប្រមុខការទូតឥណ្ឌូណេស៉ី បានលើកឡើងដូចខាងលើ ក្រោយកិច្ចជួបពិភាក្សានៅរដ្ឋធា នីហ្សាការតា ជាមួយសមភាគីចិន លោក ឈិន កាង (Qin Gang)។ លោកស្រី រេតណូ បាននិយាយ ដូច្នេះថា «ឥណ្ឌូណេស៉ីផ្តល់ការវាយតម្លៃខ្ពស់ សម្រាប់ការគាំទ្ររបស់ចិន ចំពោះផែនការសន្តិភាព ៥ចំណុច ដែលជាគោលការណ៍ចម្បង ដើម្បីឱ្យជួយអាស៊ានររំដោះមីយ៉ាន់ម៉ា ឱ្យងើបចេញពីវិបត្តិ​នយោបាយរបស់ខ្លួន»។ មីយ៉ាន់ម៉ាបានជាប់គាំងក្នុងការកើនមានអំពើហិង្សា ព្រមទាំងបញ្ហាអស្ថិ រភាពនយោបាយ ក៏ដូចជាសេដ្ឋកិច្ច ចាប់តាំងពីផ្ទុះរដ្ឋប្រហារយោធា កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១ មក។

គួរបញ្ជាក់ថា អាស៊ានដែលមានឥណ្ឌូណេស៉ី ជាប្រធានប្តូរវេនប្រចាំឆ្នាំ២០២៣នេះ គឺកំពុងតែឃ្នើស ចិត្តកាន់តែខ្លាំងឡើង ដោយសារការមិនចូលរួមសហការរបស់​រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក្នុងការ​អនុវត្តផែនការសន្តិភាពរបស់ខ្លួន ដែលសម្រេចបានកាលពីខែមេសា ឆ្នាំ២០២១។ លោកស្រី រេតណូ ក៏បានបន្ថែមផងដែរថា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ ឥណ្ឌូណេស៉ីនឹងព្យាយាមធ្វើ ប្រាស្រ័យទាក់ទងជាមួយ ភាគីពាក់ព័ន្ធទាំងអស់នៅមីយ៉ាន់ម៉ា ក្រោមគោលដៅមួយ នោះគឺបើក ចំហនូវលទ្ធភាព នៃការបង្កើតកិច្ចសន្ទនាជាតិមួយ ដែលមានលក្ខណៈបរិយាបន្ន៕