ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទទួលជួយសំណេះសំណាលជាមួយតំណាងក្រុមហ៊ុនផលិតវីដេអូអប់រំ ស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក

(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានជួបសំណេះសំណាលជាមួយ តំណាងក្រុមហ៊ុន MSA (Marketing Solution Asia) ដើម្បីពិនិត្យលើបទបង្ហាញនូវវីដេអូអប់រំ ស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយក្នុងនោះក៏មានការចូលរួម ពីថ្នាក់ដឹកនាំក្រសួង គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងមន្ត្រីនៃក្រុមហ៊ុន MSA ជាច្រើនរូប។
សូមបញ្ជាក់ថា ក្រសួងសាធារណការ​ និងដឹកជញ្ជូន បានសហការជាមួយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក​ អគ្គស្នងការនគរបាលជាតិ​ និងក្រុមហ៊ុន MSA ក្នុងការរៀបចំបង្កើតនូវវីដេអូអប់រំស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមប្រធានបទ «សោកនាដកម្មលើដងផ្លូវ» ដើម្បីជំរុញនូវការយល់ដឹងដល់ប្រជាលពលរដ្ឋ អំពីច្បាប់ចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ នៅកម្ពុជា។
នៅក្នុងពិធីសំណេះសំណាលនេះលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណ និងធ្វើការកោតសរសើរ ដល់ក្រុមការងារនៃក្រុមហ៊ុន MSA សិល្បករ សិល្បការនី នាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ​នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក​ និងអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកទាំងអស់ ដែលបានសហការគ្នាយ៉ាងល្អប្រសើរ ក្នុងការផលិតនូវវីដេអូអប់រំ ស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងលើកទឹកចិត្តឱ្យក្រុមការងារ សិល្បករ និងសិល្បការនីទាំងអស់ ចូលរួមក្នុងការផ្សព្វផ្សាយវីដេអូអប់រំនេះ ឱ្យបានកាន់តែទូលំទូលាយ ទៅកាន់សាធារណជនផងដែរ៕