(ប៉ារីស)៖ យោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ បញ្ជាក់ថា ក្នុងពេលបំពេញទស្សនកិច្ចនៅទីក្រុងប៉ារីសនៃប្រទេសបារាំង នាថ្ងៃពុធសប្តាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាបារាំង និងអាល្លឺម៉ង់ មានឱកាសក្លាយជា «អ្នកកំណត់ជ័យជម្នះ» ក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី តាមរយៈការ បញ្ឈប់ការស្ទាក់ស្ទើរក្នុងការផ្តល់អាវុធធុនធ្ងន់ ក៏ដូចជាយន្តហោះចម្បាំងទំនើបៗដល់អ៊ុយក្រែន។
លោក ហ្សេលេនស្គី បានទៅដល់ទីក្រុងប៉ារីស សម្រាប់អាហារពេលល្ងាចជាមួយប្រធានាធិបតី បារាំង អែមម៉ានុយអេល ម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលហ៍ បន្ទាប់ពីបានជួប លោក រីស៉ី ស៊ូណាក់ នៅឯចក្រភពអង់គ្លេស ជាពេលដែលលោកបានជំរុញដល់សម្ព័ន្ធមិត្តលោក ខាងលិចផ្តល់ឲ្យអ៊ុយក្រែននូវយន្តហោះចម្បាំង សម្រាប់ធ្វើសង្រ្គាមជាមួយរុស្ស៉ី។
ក្នុងឱកាសនោះ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «យើងមានពេលតិចតួចណាស់។ ឥឡូវនេះ ខ្ញុំកំពុងនិយាយអំពីសព្វាវុធដែលត្រូវការដើម្បីទទួលបានសន្តិភាព និងអាចបញ្ឈប់សង្រ្គាមដែលចាប់ ផ្តើម ដោយរុស្ស៊ីបាន។ បារាំង និងអាល្លឺម៉ង់មានឱកាសអាចនឹងក្លាយជាអ្នកកំណត់ជ័យជម្នះ ហើយ នោះជារបៀបវារៈនៃការពិភាក្សារបស់យើងនៅថ្ងៃនេះ»។ លោកបន្ថែមថាដរាបណា អ៊ុយក្រែនអាច ទទួលបាន អាវុធធុនធ្ងន់ដូចជាមីស៊ីលរយៈចម្ងាយឆ្ងាយ និងយន្ដហោះចម្បាំងស៊េរីទំនើបៗកាន់តែ ឆាប់ នោះសង្រ្គាមឈ្លានពានរបស់រុស្ស៉ីក៏នឹងបញ្ចប់កាន់តែឆាប់ដែរ៕