សម្តេចពិជ័យសេនា ទៀ បាញ់ លើកឡើងថា ទីលានផ្នូរយុទ្ធជន នឹងក្លាយជាទីតាំងសច្ចភាពប្រវត្តិ សាស្ត្រយោធា


(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជឿជាក់ថា ទីលានផ្នូរយុទ្ធជននៅខេត្តកោះកុង នឹងក្លាយជាទីតាំងសច្ចភាពប្រវត្តិសាស្ត្រយោធា ដែលបង្ហាញ ពីការតស៊ូលះបង់ ស្នេហាជាតិ ដើម្បីបូរណភាពទឹកដី សម្រេចបាននូវការកសាងសុខសន្តិភាព ការ អភិវឌ្ឍលើគ្រប់វិស័យ និងភាពសម្បូរសប្បាយរបស់ប្រជាជាតិកម្ពុជា មកដល់បច្ចុប្បន្ន។

សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងបែបនេះ ខណៈអញ្ជើញជាតំណាងសម្តេចតេជោ ហ៊ុន សែន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីលានផ្នូរយុទ្ធជនពលី និងសមិទ្ធផលនានា នៅខេត្ត កោះកុង កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។

សម្តេចពិជ័យសេនា ទៀ បាញ់ ដែលជាឥរស្សជនដ៏ឆ្នើមរូបចូលរួមផ្តួលរលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បានគូសបញ្ជាក់ថា ទីលានផ្នូរយុទ្ធជននឹងជួយបណ្តុះស្មារតីស្នេហាជាតិ សាមគ្គីភាព ការ ឱ្យតម្លៃ និងដឹងគុណដល់កុលបុត្រ កុលធីតាខ្មែរជំនាន់ក្រោយទៅលើការលះបង់ តស៊ូរបស់វីរយុទ្ធ ជន យុទ្ធនារី ដើម្បីជាតិមាតុភូមិនៅគ្រប់ពេលវេលា គ្រប់កាលៈទេសៈដោយមិនគិតពីទុក្ខលំបាក ដើម្បីជាតិរហូតកម្ពុជាមានភាពរីកចម្រើនលើគ្រប់វិស័យនាពេលបច្ចុប្បន្ននេះ។

ប្រមុខការពារជាតិបានគូសបញ្ជាក់បន្ថែមថា ការសាងសង់ទីលានផ្នូរយុទ្ធជននេះឡើង មិនត្រឹមតែ ជាទីឋានរំលឹកដល់កម្មាភិបាល យុទ្ធជនយុទ្ធនារី ដែលបានពលីជីវិតដើម្បីជាតិ មាតុភូមិ និងប្រជាជន ប៉ុណ្ណោះទេ តែទីលាននេះនឹងក្លាយជាសំណង់ប្រវត្តិសាស្ត្របង្កប់ និងបង្ហាញនូវតម្លៃរួបរួមសាមគ្គី វប្បធម៌កតញ្ញូ និរន្តភាពនៃសង្គមជាតិទៀតផង។

សម្តេចបានលើកឡើងទៀតថា ពិធីសម្ពោធទីលានផ្នូរយុទ្ធជនខេត្តកោះកុង ក៏ជាសក្ខីភាពបាន បង្ហាញពីតម្លៃសន្តិភាព និងការឯកភាពជាតិពេញលេញ តាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលបាន ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលប្រជាជនទូទាំងប្រទេស ប្រសិទ្ធនាមថា ជាស្ថាបនិកឯក និងជាមគ្គុទ្ទេសក៍ឯក។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបង្ហាញជំនឿថា៖ «ខ្ញុំសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ទីលាន ផ្នូរយុទ្ធជននេះនឹងក្លាយជាទីតាំងសច្ចភាពប្រវត្តិសាស្ត្រយោធា បង្ហាញពីការតស៊ូ លះបង់ ស្នេហាជាតិ ដើម្បីបូរណភាពទឹកដីសម្រេចបាននូវការកសាងសុខសន្តិភាព ការអភិវឌ្ឍលើគ្រប់វិស័យ និងភាព សម្បូរសប្បាយរបស់ប្រជាជាតិកម្ពុជា មកដល់បច្ចុប្បន្ន»

សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីគាំទ្រគ្រប់រាល់សកម្មភាពការសាងសង់ សំណង់ប្រវត្តិសាស្ត្រនានា សម្រាប់ទុកជាសមិទ្ធផលជាតិ និងសង្គម។ សម្តេចបានថ្លែងអំណរគុណចំពោះក្រុមការងារជួសជុលសាងសង់ទីលានផ្នូរយុទ្ធជនខេត្តកោះកុង ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងសប្បុរសជន ដែលបានចូលរួមគាំទ្រឧបត្ថម្ភ ទាំងថវិកា និងសម្ភារៈ ជួសជុលសាងសង់ទីលានផ្នូរយុទ្ធជននេះ ប្រកបដោយជោគជ័យ។ សម្តេចសម្តែងការដឹងគុណចំពោះបងប្អូនកូនចៅក្រុមគ្រួសារនៃសព ដែលបានលះបង់ស្វាមី ភរិយា ឪពុក ម្តាយ បុត្រាបុត្រីក្នុងជួរកងយោធពលខេមរភូមិន្ទ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ នៃសពយុទ្ធជនទាំងអស់ សូមឆាប់បានទៅកាន់សុគតិភព។

បើតាមនាយឧត្តមសេនីយ៍ យន្ត មីន ប្រធានការងារសាងសង់ និងជួសជុលទីលានផ្នូរ បានឱ្យដឹងថា ការសាងសង់ទីលានផ្នូរនេះឡើងក្នុងគោលបំណងរំឮកគុណបំណាច់ និងឧទ្ទិសកុសលជូនដួង វិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានលះបង់អាយុជីវិត សាច់ស្រស់ ឈាមស្រស់ក្នុង បុព្វហេតុការពារជាតិ ការពារទឹកដី និងប្រជាជនលើទឹកដីខេត្តកោះកុង និងបានបង្ហាញពីសក្ខីភាព មួយទៀតថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនយុទ្ធជន ដែលបានបំពេញ បេសកកម្មក្នុងបុព្វហេតុជាតិ មាតុភូមិ ការពារបូរណភាពទឹកដី ការពារសុខសន្តិភាព និងសុខសុវត្ថិ ភាពជូនប្រជាជន។

នាយឧត្តមសេនីយ៍ យន្ត មីន បានឱ្យដឹងថា សម្រាប់ដំណើរការសាងសង់ទីលាននេះ គឺចំណាយ អស់ថវិកា ៧៣៩,៣៧៣ដុល្លារ, ប្រាក់រៀលអស់ចំនួន ១៧៣,៩០០,០០០រៀល និងលុយបាត ចំនួន១ម៉ឺនបាត។ សម្រាប់ថវិកាសាងសង់ផ្នូរយុទ្ធជនពលីនេះ គឺទទួលបានពីការចូលរួមពីសំណាក់ សប្បុរសជននានា ដែលមានចំនួន៤១៧នាក់ រហូតសម្រេចជាជោគជ័យលើដំណើរការសាងសង់ផ្នូរ ដ៏ស្រស់ស្អាត សម្រាប់ជាការឧទ្ទិសដឹងគុណជូនអតីតយុទ្ធជន យុទ្ធនារីពលី ដើម្បីជាតិមាតុភូមិ នាសម័យសង្គ្រាមស៊ីវិល៕