គណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងការពារជាតិ បើកកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣


 (ភ្នំពេញ)៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រចាំឆ្នាំ២០២២ និងទិសដៅការងារប្រចាំឆ្នាំ២០២៣។

កិច្ចប្រជុំបានធ្វើឡើងនៅទីស្តីការក្រសួងការពារជាតិ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ចាយ សាំងយ៉ុន ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងការពារជាតិ ដោយមាន ការចូលរួមពីអនុប្រធានទាំងពីរ និងសមាជិកពាក់ព័ន្ធមួយចំនួន។

បើតាម នាយឧត្តមសេនីយ៍ ឈុំ សុជាត អនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងការពារជាតិ បានឱ្យដឹងថា តាមរបាយការណ៍បឋម នៅក្នុងឆ្នាំ២០២២នេះ អគ្គលេខាធិ ការដ្ឋាន និងអង្គភាពក្រោមចំណុះក្រសួងការពារជាតិ បានខិតខំប្រឹងប្រែង អនុវត្តការងារប្រកប ដោយការទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកធ្វើការអប់រំផ្សព្វផ្សាយ ការព្យាបាល ស្តារនីតិសម្បទា សមាហរណកម្ម និងថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍន៍សង្គម។

យោងតាមរបាយការណ៍បឋម បានឱ្យដឹងថា ក្នុងឆ្នាំ២០២២នេះ ក្រសួងការពារជាតិ អគ្គបញ្ញា ការដ្ឋាន និងបណ្តាអង្គភាពចំណុះ បានចុះធ្វើការអប់រំផ្សព្វផ្សាយស្តីពីបញ្ហាគ្រឿងញៀនបានចំនួន ៥,៧៧០លើក អ្នកចូលរួមសរុប ៣៤៩,៣០៤នាក់ (ស្រ្តី ១០,៤៥០នាក់)។

របាយការណ៍ដដែល បានឱ្យដឹងទៀតថា ឆ្នាំ២០២២ កន្លងទៅនេះ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ៦១៩លើក ឃាត់ខ្លួន ជនសង្ស័យបានចំនួន ១,៥៣៤ នាក់ (ជនបរទេស២៨នាក់) ក្នុងនោះស្រី ១៦១នាក់ ចាប់យកសម្ភារៈ និងវត្ថុតាំង បានមួយចំនួន។

បើតាម នាយឧត្តមសេនីយ៍ ឈុំ សុជាត ក្នុងឆ្នាំ២០២២ កន្លងទៅនេះ គ្រប់អង្គភាពពាក់ព័ន្ធចំណុះ ក្រសួងការពារជាតិ បានខិតខំយកចិត្តទុកដាក់អនុវត្តយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់ ទទួលបានលទ្ធផលល្អប្រសើរ។ ក្នុងឆ្នាំថ្មី២០២៣នេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងការពារជាតិ នឹងបន្តខិតខំយកចិត្តទុកដាក់ថែមទៀត ក្នុងការអនុវត្តតាមផែនការរបស់ រាជរដ្ឋាភិបាល ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់៕