(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៤ ខែមករា ឆ្នាំ២០២៣ ប្រាប់អោយដឹងថា សេតវិមាន នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បាន ប្រកាសជាផ្លូវការថាលោកប្រធានាធិបតីអាមេរិក ចូ បៃដិន នឹងបើកកិច្ចសន្ទនាជាមួយលោក ហ្វូមីអុ គីស៉ីដា នាឱកាសដែលនាយករដ្ឋមន្ត្រីជប៉ុនរូបនេះ បំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក នៅថ្ងៃទី១៣ ខែមករាខាងមុខនេះ។
បើតាមសេតវិមាន សំណុំរឿងកូរ៉េខាងជើង អ៊ុយក្រែន និងភាពតានតឹងរវាងចិន និងតៃវ៉ាន់ ក៏ដូចឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ នឹងក្លាយជារបៀបវារៈសំខាន់ៗ សម្រាប់កិច្ចពិភាក្សារវាងលោក បៃដិន និងលោក គីស៉ីដា។ សេតវិមានបានគូសបញ្ជាក់ដូច្នេះថា «មេដឹកនាំនៃប្រទេសទាំង២ នឹង ពិភាក្សាគ្នាលើបញ្ហាជាច្រើនទាំងនៅក្នុងតំបន់ និងនៅជុំវិញពិភពលោក ក្នុងនោះរួមមានទាំង កម្ម វិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងខុសច្បាប់របស់កូរ៉េខាងជើង សង្រ្គាមដ៏សាហាវព្រៃផ្សៃរបស់រុស្ស៉ី ប្រឆាំងនឹងអ៊ុយក្រែន ព្រមទាំងការរក្សាសន្តិភាព និងស្ថិរភាពនៅទូទាំង តំបន់ច្រកសមុទ្រតៃវ៉ាន់»។
គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយជប៉ុន យ៉ូមីយូរិ (Yomiuri) បានរាយការណ៍ថាលោក គីស៉ីដា មាន គម្រោងពិភាក្សាជាមួយលោក បៃដិន ផងដែរជុំវិញការដាក់ចេញគោលនយោបាយសន្តិសុខថ្មី របស់ទីក្រុងតូក្យូ ដែលក្រុមអ្នកជំនាញមើលឃើញថាជាការផ្លាស់ប្ដូរដ៏ធំនៅក្នុងវិស័យយោធាជប៉ុន ចាប់តាំងពីសង្រ្គាមលោកលើកទី២មក។ បន្ថែមពីលើនេះ បើតាមសេតវិមាន នៅក្នុងជំនួប ជាមួយ លោក គីស៉ីដា លោក បៃដិន នឹងបញ្ជាក់ឡើងវិញផងដែរពីការគាំទ្រយ៉ាងពេញទំហឹងចំពោះការ បញ្ចេញ «យុទ្ធសាស្ត្រសន្តិសុខជាតិថ្មីរបស់ជប៉ុន» កាលពីពេលថ្មីៗនេះ៕