(វ៉ាស៊ីនតោន)៖ ការព្រមានរបស់សេតវិមាន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៤ ខែមករា ឆ្នាំ២០២៣ អោយដឹងថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល កំពុងរៀបចំផែនការសម្របសម្រួលធ្វើការឆ្លើយតបយ៉ាងមានប្រសិទ្ធភាពមួយ ប្រសិនបើកូរ៉េខាង ជើងហ៊ានបើកការវាយប្រហារដោយ អាវុធនុយក្លេអ៊ែរ។
អ្នកនាំពាក្យម្នាក់មកពីក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ា ស៊ីនតោន) បានបញ្ជាក់ថាប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយុល និងលោកប្រធានា ធិបតីអាមេរិក ចូ បៃដិន បានប្រគល់ភារកិច្ចឱ្យក្រុមការងារនៃប្រទេសទាំង២ រៀបចំផែនការសម្រប សម្រួលធ្វើការឆ្លើយតបយ៉ាងមានប្រសិទ្ធភាពមួយ ទៅនឹងគ្រប់សេណារីយ៉ូ ទាំងអស់ ក្នុងនោះរួម មានទាំងការវាយប្រហារដោយអាវុធនុយក្លេអ៊ែរពីកូរ៉េខាងជើងផងដែរ។
ការព្រមានខាងលើរបស់សេតវិមានកើតមានឡើងនៅក្រោយពេលមានភាពច្របូកច្របល់នៅក្នុងសេចក្ដីរាយការណ៍ជាច្រើននាប៉ុន្មានថ្ងៃចុងក្រោយ ជុំវិញការចាត់វិធានការឆ្លើយតប ចំពោះការគំរាម កំហែងនុយក្លេអ៊ែរពីទីក្រុងព្យុងយ៉ាង។ កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ លោក ចូ បៃដិន បានប្រកែកថាសហរដ្ឋអាមេរិកមិនបានកំពុងពិភាក្សាជាមួយកូរ៉េខាងត្បូង ជុំវិញការធ្វើសមយុទ្ធនុយ ក្លេអ៊ែររួមគ្នានោះទេ បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង អះអាងថាពីដំណើរការនៃកិច្ចពិភាក្សានេះ។
ជាថ្មីម្ដងទៀត អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន បានបញ្ជាក់ថាការធ្វើសមយុទ្ធ នុយក្លេអ៊ែររួមគ្នា មិនមែនជាជម្រើសមួយនោះទេ ដោយសារតែកូរ៉េខាងត្បូងមិនមាន អាវុធនុយក្លេ អ៊ែរផ្ទាល់ខ្លួន។ តែទោះជាបែបនេះក្ដី សហរដ្ឋអាមេរិកនៅតែប្ដេជ្ញាចិត្តយ៉ាងពេញលេញក្នុងការ ការពារសម្ព័ន្ធមិត្ត ពីការវាយប្រហារទាំងឡាយ៕