សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ភាពមិនត្រូវគ្នានៃនយោបាយសេដ្ឋកិច្ច ទើបសម្តេចស្នើឲ្យ ដកជំនាញការ វៀតណាមពីកម្ពុជា កាលពីឆ្នាំ១៩៨៨

ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងរំលឹកថា ភាពមិនត្រូវគ្នានៃ នយោបាយសេដ្ឋកិច្ច ទើបសម្តេចស្នើឲ្យដកជំនាញការវៀតណាម ពីប្រទេសកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រីថ្លែងបែបនេះ នៅថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០២២ ពេលសម្តេចតេជោ និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ធ្វើជាសហធិបតី បើកការដ្ឋានស្តារ និង លើកកម្រិតគុណភាពផ្លូវពីរខ្សែទៀត ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំស្នើឲ្យដកជំនាញការវៀតណាម ទាំងអស់ចេញពីកម្ពុជា។ កងទ័ពវៀតណាមនៅសិន។ ព្រោះរវាងគ្រូនិងសិស្សវាអត់ត្រូវគ្នា។ ខ្ញុំកំពុងតែកែទម្រង់ទៅធ្វើសេដ្ឋកិច្ច ហៅថា សេដ្ឋកិច្ចឯកជន ឯខាងវៀតណាម កំពុងតែធ្វើសហ ករណ៍។ អញ្ចឹងបានជំនាញការ និងខាងយើងវាអត់ត្រូវគ្នា។ ពេលហ្នឹង អគ្គលេខាធិការបក្សវៀតណាម បានប្រាប់ខ្ញុំថា វៀតណាមធ្វើសេដ្ឋកិច្ចចិញ្ចឹមខ្លួនឯងមិនរស់ផង រឿងអីទៅបង្រៀនខ្មែរឲ្យធ្វើសេដ្ឋ កិច្ចរស់»

បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ប្រធានជំនាញការវៀតណាម បានមករាយការណ៍ ឲ្យសម្តេចតេជោ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ១៩៨៨ ថា ជំនាញការវៀតណាមទាំងអស់គ្រប់ភ្នែក ដកចេញពីកម្ពុជា។ ឯកងទ័ពវៀតណាម ដកចេញពីកម្ពុជា នៅខែកញ្ញា ឆ្នាំ១៩៨៩។ ពេលដកជំនាញការវៀតណាមចេញពីកម្ពុជា សម្តេចតេជោមានសិទ្ធិសម្រេចអ្វី ដែលអស់លោក ជំនាញការវៀតណាម ធ្លាប់ធ្វើជាមួយសម្តេច។

យ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន បានថ្លែងអរគុណវៀតណាម បើទោះបីមកជួយកម្ពុជា តែគោ រពសេចក្តីសម្រេចរបស់កម្ពុជា៕