សម្តេចតេជោ ហ៊ុន សែន ចេញសារពិសេស ណែនាំពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ

(ភ្នំពេញ)៖ នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ​ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីកម្ពុជា បានចេញសារពិសេសមួយណែនាំពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជា ពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកថា ការចាក់វ៉ាក់សាំង គឺជាវិធានការដ៏ចាំបាច់ ដើម្បីការពារការរាតត្បាតជំងឺកូវីដ១៩ និងការពារសុខភាពប្រជាពលរដ្ឋពីជំងឺរាតត្បាតសាកល មួយនេះ។

សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះ «វ៉ាក់សាំងជាជម្រើសតែមួយគត់ ដែលជួយយើងកាត់បន្ថយ ការឆ្លង ឬការឆ្លងហើយតែមិននាំទៅដល់សភាពធ្ងន់ធ្ងរ»

ឈរលើស្មារតីខាងលើនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចដាក់ចេញផែនការចាក់វ៉ាក់សាំង ដូសជំរុញដូចខាងក្រោម៖
១៖ ចាក់ដូសជំរុញទី៤ ដល់កុមារអាយុពី ៣ឆ្នាំ ដល់ក្រោម ៥ឆ្នាំ។
២៖ ចាក់ដូសជំរុញទី៥ ដល់កុមារអាយុពី ៥ឆ្នាំ ដល់ក្រោម ១២ឆ្នាំ។
៣៖ ចាក់ដូសជំរុញទី៦ មន្ត្រីរាជការជួរមុខ អាជ្ញាធរ និងប្រជាជនទូទៅ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ផែនការចាក់ដូសជំរុញខាងលើនេះ គឺជារៀបចំដើម្បី ធានាសុវត្ថិភាពសុខភាពរបស់ប្រជាពលរដ្ឋ។

ក្នុងសារជាសំឡេងនេះ សម្តេចតេជោ ក៏បានឯកភាពចេញជាគោលការណ៍លើការចាក់ដូសជំរុញ បន្តបន្ទាប់ ដោយធ្វើជារៀងរាល់៦ខែម្តង។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការធ្វើបែបនេះ ទើបធានាដល់ភាពស៊ាំសហគមន៍ រឹងមាំ។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋមិនទាន់បានទទួល ដូសជំរុញទី៣ ទី៤ ទី៥ និងទី៦ ឱ្យនាំគ្នាទៅទទួលយកដូសជំរុញតាមគោលការណ៍ណែនាំរបស់ ក្រសួងសុខាភិបាល។

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យគណៈកម្មការចំពោះកិច្ចរៀបចំផែនការផ្តល់វ៉ាក់សាំងដូស ជំរុញ តាមការណែនាំខាងលើនេះ ដើម្បីធានាដល់ក្រវាត់ការពារសុខភាពពលរដ្ឋពីជំងឺកូវីដ១៩។

សម្តេចតេជោ បានគូសបញ្ជាក់ថា ពេលនេះកង្វល់របស់សម្តេច ក៏ដូចជារាជរដ្ឋាភិបាលមិនមែនរឿង ខ្វះវ៉ាក់សាំងទេ តែបារម្ភខ្លាចពលរដ្ឋមិនមកទទួលវ៉ាក់សាំង។ ទោះជាយ៉ាងណា សម្តេចមានការជឿ ជាក់ថា កុមារនឹងនាំគ្នាមកទទួលវ៉ាក់សាំងដូសជំរុញ តាមផែនការដូចបានបញ្ជាក់ខាងលើ។

បើតាមសម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្នកម្ពុជាមានវ៉ាក់សាំង ៧លានដូសនៅក្នុងឃ្លាំង និងមិន ទាន់នាំចូលជាច្រើនលានដូសទៀត។ ដូច្នេះកម្ពុជាមិនខ្វះវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ នោះឡើយ៕