អាល្លឺម៉ង់ គ្រោងរឹតបន្តឹងច្បាប់ប្រើកាំភ្លើង ក្រោយមានករណីសង្ស័យធ្វើរដ្ឋប្រហារ


 (បែរឡាំង)៖  តាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ ២០២២ បានអោយដឹងថា រដ្ឋមន្ត្រីមហាផ្ទៃអាល្លឺម៉ង់ បានឲ្យដឹងក្នុងបទសម្ភាសមួយដែលបានចុះ ផ្សាយកាលពីថ្ងៃអាទិត្យកន្លងទៅនេះថា ប្រទេសអាល្លឺម៉ង់គ្រោងនឹងរឹតបន្តឹង ច្បាប់ប្រើប្រាស់កាំភ្លើង ក្រោយសង្ស័យថាក្រុមស្តាំនិយមជ្រុល មានផែនការធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលដោយហិង្សា។

ក្នុងបទសម្ភាសន៍ជាមួយកាសែត បៀល អាំ ហ្សុនថាក (Bild am Sonntag) រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រី ណាន់ស៉ី ហ្វាស្សឺ (Nancy Faeser) បានព្រមានថា ចលនាក្រុមនិយមជ្រុល តំណាងឲ្យ ការកើនឡើងការគំរាមកំហែងដល់ប្រទេសអាល្លឺម៉ង់ ដោយសារបានពង្រីកចំនួនមនុស្សពី ២,០០០ នាក់ ទៅ ២៣,០០០នាក់កាលពីឆ្នាំមុន។

លោកស្រី ហ្វាស្សឺ បានគូសបញ្ជាក់ថា «ទាំងនេះមិនមែនត្រឹមតែជាមនុស្សបង្កគ្រោះថ្នាក់ទេ ប៉ុន្តែ ជាក្រុមភេរវករសង្ស័យដែលកំពុងស្ថិត នៅក្រៅឃុំបណ្តោះអាសន្ន។ យើង​ត្រូវ​ការឲ្យ​អាជ្ញាធរ​ទាំង​អស់​ដាក់​សម្ពាធ​ជា​អតិបរមា​ ដើម្បី​ដក​អាវុធ​ចេញ​ពីក្រុមទាំងនោះ ហើយវាជា​មូល​ហេតុ​ដែល​រដ្ឋា ភិបាល​នឹងរឹត​បន្តឹង​ច្បាប់​កាំភ្លើង​ក្នុង​ពេលដ៏​ខ្លី»៕