(មូស្គូ)៖ តាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៩ ខែធ្នូ ឆ្នាំ ២០២២ បានអោយដឹងថា វិមានក្រឹមឡាំង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បាននិយាយថាការ សម្រេចចិត្តតែងតាំងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ជាបុគ្គលប្រចាំឆ្នាំ២០២២ ឬ Person of the Year ដោយទស្សនាវដ្ដីអាមេរិក Time គឺជាការឆ្លុះបញ្ចាំងពីគំនិតស្អប់ រុស្ស៉ីនៅក្នុងបណ្ដាប្រទេសលោកខាងលិច។
ប្រតិកម្មរបស់វិមានក្រឹមឡាំង កើតមានឡើងបន្ទាប់ពីទស្សនាវដ្ដី Time បានជ្រើសរើសលោក ហ្សេលេនស្គី ជា «បុគ្គលប្រចាំឆ្នាំ» កាលពីថ្ងៃពុធសប្ដាហ៍នេះ ហើយនៅថ្ងៃព្រហស្បតិ៍ ប្រធានាធិបតី អ៊ុយក្រែនរូបនេះក៏ត្រូវបានតែងតាំងជា «បុគ្គលមានឥទ្ធិពលខ្លាំងបំផុត» នៅក្នុងតំបន់អឺរ៉ុប ដោយសារ ព័ត៌មាន Politico ផងដែរ។ ទស្សនាវដ្ដី Time បានអះអាងថាការជ្រើសរើសរបស់ខ្លួន គឺធ្វើឡើងតាម ស្ថានភាពជាក់ស្ដែងជាការសាទរដល់ភាពក្លាហានរបស់លោក ហ្សេលេនស្គី ដែលមិនបានចាកចេញ ពីទីក្រុងកៀវ ហើយតស៊ូដឹកនាំប្រទេស ប្រយុទ្ធតតាំងនឹងការឈ្លានពានពីសំណាក់រុស្ស៉ី។
ក៏ប៉ុន្តែ នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បាន និយាយថាការសម្រេចចិត្តជ្រើសរើសលោក ហ្សេលេនស្គី ជាបុគ្គលប្រចាំឆ្នាំធ្វើឡើងតែនៅក្នុង ចង្កោមបណ្ដាសារព័ត៌មានលោកខាងលិចប៉ុណ្ណោះ និងឆ្លុះបញ្ចាំងពីគំនិតប្រឆាំង និងស្អប់រុស្ស៉ី។
គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ក៏ធ្លាប់ត្រូវបានទស្សនាវដី្ដ Time ជ្រើស រើសជា «បុគ្គលប្រចាំឆ្នាំ» ផងដែរកាលពីឆ្នាំ២០០៧៕