(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ដោយប្រកាសបន្តស្វាគមន៍ និងលើកទឹកចិត្ត ដល់បណ្តាក្រុមហ៊ុននានា ដែលមានបំណងចង់ផលិត ឬនាំចូលជីកសិកម្ម។
សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា «ដើម្បីបន្តអនុវត្ត និងជំរុញគោលនយោបាយកាត់បន្ថយថ្លៃ ដើមនៃការផលិត និងបង្កើនប្រាក់ចំណេញសម្រាប់ប្រជាកសិករ ក្រសួងបន្តស្វាគមន៍ និងលើកទឹក ចិត្តដល់បណ្តាក្រុមហ៊ុននានា ដែលមានបំណងចង់ផលិត ឬនាំចូលជីកសិកម្ម ប្រកបដោយគុណ ភាពត្រឹមត្រូវតាមស្តង់ដារ និងមានតម្លៃសមរម្យមកចែកចាយក្នុងប្រទេសកម្ពុជា ឲ្យមកដាក់ពាក្យស្នើ សុំ នៅក្រសួងកសិកម្ម»។
ក្រសួងនឹងសិក្សាវាយតម្លៃ ស្របតាមនីតិវិធីនៃច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម និង ចេញលិខិតអនុញ្ញាតជូនក្នុងរយៈពេលឆាប់បំផុត ក្រោយធានាបានថា ជីកសិកម្មដែលស្នើសុំផលិត ឬនាំចូលមានគុណភាពត្រឹមត្រូវតាមស្តង់ដារពិតប្រាកដមែន។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សង្ឃឹមយ៉ាងមុតមាំថា នឹងមានក្រុមហ៊ុនជាច្រើនចូលរួម គាំទ្រអនុវត្តការងារនេះ ដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាកសិករ៕