សម្តេចតេជោ ហ៊ុន សែន បង្ហើបថា កងទ័ពមួកខៀវកម្ពុជា៣នាក់ បានរងរបួសនៅម៉ាលី


 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ​បានបង្ហើបថា កាលពីពេលថ្មីៗនេះ មានកងកម្លាំងរក្សាសន្តិភាពកម្ពុជា (កងទ័ពមួកខៀវ) ចំនួន៣នាក់ បានរងរបួស នៅប្រទេសម៉ាលី គ្រាកំពុងបំពេញបេសកកម្ម។

ការបង្ហើបអំពីដំណឹងនេះ បានធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីប្រារព្ធខួប១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ របស់ជប៉ុន នៅកម្ពុជា នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ។

សម្តេចបានលើកឡើងថា បច្ចុប្បន្នកងទ័ពមួកខៀវរបស់កម្ពុជា កំពុងស្ថិតនៅប្រទេស៤ ដែលក្នុងនោះរួមមានប្រទេសលីបង់ ស៊ូដង់ខាងត្បូង ម៉ាលី និងអាហ្វ្រិកកណ្តាលជាដើម។

«កងទ័ពយើងក្នុងប៉ុន្មានថ្ងៃមុននេះ របួស៣នាក់ ក្នុងប្រទេសម៉ាលី ដោយសារការដាក់មីនស្កាត់ផ្លូវ ក្នុងពេលដែលកងទ័ពរបស់យើងធ្វើដំណើរ»។ នេះជាការបញ្ជាក់របស់ សម្តេចតេជោ។

សម្តេចបានផ្តាំយុវជនខ្មែរឱ្យមានការចងចាំថា បើគ្មានសន្តិភាពទេ មិនអាចអភិវឌ្ឍបានទេ៕