នាយករដ្ឋមន្ត្រីជប៉ុន ចង់បង្កើនកញ្ចប់ថវិកាយោធាឱ្យដល់ ២ភាគរយនៃ GDP នៅឆ្នាំ២០២៧

(តូក្យូ)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២២​ គឺ ​នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៊ីដា (Fumio Kishida) បានប្រាប់គណៈ រដ្ឋមន្ត្រី របស់លោក បង្កើនកញ្ចប់ថវិកាយោធាឱ្យដល់ ២ភាគរយ នៃផលិតផលនៅក្នុងស្រុកសរុប ឬ GDP នៅឆ្នាំ២០២៧ ចំពោះមុខការកើនឡើងឥទ្ធិពលចិន និងការរីកចម្រើនទៅមុខនៃសមត្ថភាព យោធា កូរ៉េខាងជើង។

លោក គីស៊ីដា បានប្រកាសពីផែនការខាងលើប្រាប់រដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ លោក កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ក្នុងគ្រាដែល ជប៉ុន កំពុងត្រួតពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រ ការពារជាតិ និងសន្តិសុខរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ក្នុងនោះរួមមានការ កើនឡើង ឥទ្ធិពលចិន ការគំរាមកំហែងពីកូរ៉េខាងជើង និងការផ្លាស់ប្ដូរស្ថានភាពភូមិសាស្ត្រន យោបាយ ក្រោយសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន។

កាលពីខែសីហាកន្លងទៅ ក្រសួងការពារជាតិជប៉ុន បានដាក់សំណើស្នើសុំកញ្ចប់ថវិកាយោធា ៤០ពាន់លានដុល្លារ ប៉ុន្តែ ទំហំទឹកប្រាក់នេះមិនទាន់ សម្រេចជាផ្លូវការនៅឡើយទេ រហូតដល់ រដ្ឋាភិបាលទីក្រុងតូក្យូ ធ្វើបច្ចុប្បន្នភាពលើគោលនយោបាយការពារជាតិជាច្រើនជាមុនសិន។ ជុំវិញកញ្ចប់ ថវិកាយោធានេះដែរ ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃចន្ទសប្ដាហ៍នេះ ក្រោយជំនួប ជាមួយលោក គីស៊ីដា រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក យ៉ាស៊ុកាហ្សូ ហាម៉ាដា (Yasukazu Hamada) បានបញ្ជាក់ថារដ្ឋាភិបាលជប៉ុននឹងបង្កើនកញ្ចប់ថវិកាយោធា និងការចំណាយផ្សេងៗ ទៀត ឱ្យដល់ ២ភាគរយ នៃ GDP នៅឆ្នាំ២០២៧៕