ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ២០០ទីតាំងផ្សេងៗគ្នា នឹងត្រូវដំឡើងនៅទូទាំងប្រទេស កម្ពុជា ត្រឹមឆ្នាំ២០២៣


 (ភ្នំពេញ)៖ ក្រុមហ៊ុន BYD Auto Industry បានបង្ហាញផែនការរៀបចំការបណ្តាក់ទុកវិនិយោគ លើវិស័យយានយន្តអគ្គិសនី ក្នុងការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) ចំនួន ២០០ទីតាំងផ្សេងៗគ្នានៅទូទាំងប្រទេសកម្ពុជា ត្រឹមឆ្នាំ២០២៣។

ការសម្រេចរបស់ក្រុមហ៊ុនដូចនេះ បានលើកឡើងនៅក្នុងឱកាសដែល ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យក្រុមហ៊ុន BYD Auto Industry ដែលដឹកនាំដោយលោក Henry Yip ជានាយកថ្នាក់តំបន់ និង​ក្រុមហ៊ុន HUAN YA HE ZHONG (Cambodia) Trading Co.,Ltd ដឹកនាំដោយលោក Marco Mok នាយកប្រតិបត្តិ BYD Cambodia ជួបពិភាក្សាការងារដើម្បីរិះរកវិធានការ និងវិធីសាស្ត្រផ្សេងៗជំរុញការប្រើប្រាស់យាន យន្តអគ្គិសនីក្នុងប្រទេសកម្ពុជា នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ជាកិច្ចចាប់ផ្ដើមនៃជំនួបនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានលើកឡើងពីវឌ្ឍនភាព នៃការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា និងកិច្ចសហការរបស់ក្រសួងសាធារណការ និងដឹក ជញ្ជូនជាមួយដៃគូអភិវឌ្ឍន៍នានាដូចមាន កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដែលបានដាក់ ចេញរួមគ្នានូវ ផែនទីផ្លូវថ្នល់ (Road Map) និងការផ្ដល់ជូននូវបញ្ចូលថាមពលយានយន្តអគ្គិសនី ចំនួន ៤ស្ថានីយ ក្នុងគោលដៅកសាងទំនុកចិត្តប្រជាពលរដ្ឋលើការប្រើប្រាស់យានយន្តអគ្គិសនី និងពង្រីកការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីក្នុងប្រទេសកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះឯកឧត្តម ទេសរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ក្រុមហ៊ុនឯកជន ជាពិសេស ស្ថានីយប្រេងឥន្ធនៈ ក៏ដូចជាក្រុមហ៊ុន BYD Auto Industry ផងដែរ ក្នុងការចូលរួមលើកទឹកចិត្ត ប្រជាពលរដ្ឋក្នុងការប្រើប្រាស់យានយន្តអគ្គិសនី តាមរយៈការដំឡើងបញ្ចូលថាមពលយានយន្ត​អគ្គិសនីនៅតាមស្ថានីយរបស់ខ្លួនឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។

លើកឡើងនាឱកាសនោះដែរលោក Henry Yip ក៏បានលើកឡើងពីគោលដៅក្នុងការចូលរួម ពង្រីកការប្រើប្រាស់យានយន្តអគ្គិសនីដោយឈរលើចក្ខុវិស័យឆ្ពោះទៅរកការប្រើប្រាស់ថាមពលថ្មី និងផែនការបៃតង ឆ្នាំ2022 ដល់ឆ្នាំ2023។ លោកក៏បានបង្ហាញនូវផែនការក្នុងការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន ២០០ទីតាំងផ្សេងៗគ្នានៅទូទាំងប្រទេសកម្ពុជា ត្រឹមឆ្នាំ២០២៣ និងស្នើឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន សម្របសម្រួលជាមួយស្ថាប័នជំនាញ និងអាជ្ញាធរពាក់ព័ន្ធក្នុងការស្វែងរកទីតាំងដើម្បីដំឡើងស្ថានីយបញ្ជូលថាមពលទាំងនោះ។

លើសពីនេះទៅទៀត ក្រុមហ៊ុនបានសន្យានឹងនាំចូលរថយន្តអគ្គិសនី ព្រមជាមួយនឹងបច្ចេកវិទ្យា ទំនើបថ្មីៗមកក្នុងប្រទេសកម្ពុជាបន្ថែមទៀត និងបានផ្ដល់ជាសំណូមពរមកកាន់ក្រសួងក្នុងការរៀប ចំជាគោលនយោបាយលើកទឹកចិត្តប្រជាពលរដ្ឋឱ្យងាកទៅប្រើប្រាស់យានយន្តអគ្គិសនី ក៏ដូចជា ពង្រីកឱ្យមានក្រុមការងារបច្ចេកទេសជំនាញអាចជុសជុលផ្លាស់ប្ដូរគ្រឿងបន្លាស់យានយន្តអគ្គិសនីបានទាន់តម្រូវការ។

ឆ្លើយតបទៅនឹងសំណូមពររបស់ក្រុមហ៊ុន ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានឯកភាព ជួយសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធក្នុងការស្វែងរកទីតាំងសម្រាប់ដំឡើងស្ថានីយបញ្ចូលថាមពលទាំង២០០ដោយក្នុងនោះក្រសួងផ្ដល់ការអនុញ្ញាតឱ្យរៀបចំដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនៅតាមមន្ទីរសាធារណការ និងដឹកជញ្ជូនទាំង ២៥រាជធានី-ខេត្ត។

ជាមួយគ្នានោះឯកឧត្តម ទេសរដ្ឋមន្ត្រី បានប​ន្ថែមថា ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារគណៈកម្មការអន្តរក្រសួង ដែលមានក្រសួង សាធារណការ និងដឹកជញ្ជូនជាប្រធាន ដើម្បីបង្កើតបទដ្ឋានគតិយុត្ត និងរៀបចំយុទ្ធសាស្ត្រផ្សេងៗ ដូចមានការបញ្ចុះតម្លៃពន្ធនាំចូលយានយន្តអគ្គសនីជាដើម ដាក់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញ ការប្រើប្រាស់យានយន្តអគ្គិសនី (EV) ឱ្យមានការកើនឡើងកាន់តែច្រើនផងដែរ។

បន្ថែមពីនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានឯកភាពឱ្យមានការចុះ MoU រវាងក្រសួង សាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន BYD ក្នុងការបណ្ដុះបណ្ដាលមន្ត្រី ក៏ដូចជានិស្សិតកម្ពុជា ឱ្យទៅសិក្សាវគ្គសិក្សាខ្លីៗនៅក្រុមហ៊ុន BYD ឬនៅកម្ពុជាផ្ទាល់ ដូចដែលក្រសួងកំពុងអនុវត្តជាមួយ ក្រុមហ៊ុន Ford ផងដែរ។ តាមរយៈកិច្ចប្រជុំនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស្នើឱ្យក្រុមហ៊ុនពិនិត្យ ពិចារណាលើការបញ្ចុះតម្លៃរថយន្តអគ្គិសនីប្រសិនបើមានការបញ្ជាទិញពីក្រសួង-ស្ថាប័នរដ្ឋពាក់ ព័ន្ធផងដែរ៕