(ការ៉ាកាស)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ បញ្ជាក់ថា រដ្ឋាភិបាលវេណេស៊ុយអេឡា របស់ប្រធានាធិបតីលោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) នឹងបន្តកិច្ចពិភាក្សាជាថ្មីឡើងវិញ ជាមួយក្រុមប្រឆាំងនៅថ្ងៃសុក្រសប្តាហ៍នេះ បន្ទាប់ពីផ្អាកអស់រយៈពេល១ឆ្នាំ។
សេចក្តីប្រកាសពីដំណឹងនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃពុធ ដោយប្រធានាធិបតីកូឡុំប៊ី លោក ហ្គូស្តាវ៉ូ ផេត្រូ (Gustavo Petro) ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្រេចបាននូវ ការវិវត្តខាងលើ។ លោក ផេត្រូ បាននិយាយដូច្នេះថា «នៅថ្ងៃទី២៥ និងទី២៦ ខែវិច្ឆិកា កិច្ចពិភាក្សា រវាងរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ហើយនិងក្រុមប្រឆាំងរបស់វេណេស៊ុយអេឡា នឹងបន្តសាឡើងវិញ»។
ទោះខ្លឹមសារលម្អិតនៃកិច្ចសន្ទនា នៅមិនទាន់បញ្ជាក់ច្បាស់ក៏ដោយ លោក ផេត្រូ បានបង្ហើបកាល ពីប៉ុន្មានថ្ងៃមុនថា វានឹងរួមមាន ជោគវាសនានៃអ្នកទោសនយោបាយ និងការដាក់ទណ្ឌកម្មរបស់ អាមេរិក សម្រាប់គោលបំណងមនុស្សធម៌ជាដើម។ កន្លងមកនេះ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏បានធ្លាប់បញ្ជូនក្រុមមន្រ្តី ទៅកាន់រដ្ឋធានីការ៉ាកាស ដើម្បីជជែកពីការបន្ធូរបន្ថយ ទណ្ឌកម្មរបស់ទីក្រុងវ៉ាស៉ីនតោនផងដែរ ប៉ុន្តែអាមេរិកបាននិយាយថា វាអាចកើតឡើងទៅបាន លុះត្រាដែលភាគីទាំងពីរទទួលបាន វឌ្ឍនភាពក្នុងកិច្ចពិភាក្សានយោបាយ។
ការបន្តកិច្ចសន្ទនាឡើងវិញខាងលើ នឹងប្រព្រឹត្តទៅនៅម៉ិកស៉ិក ក្រោមការសម្របសម្រួលរបស់ ន័រវែស ហើយត្រូវគេរំពឹងថាក៏នឹង មានការជជែកអំពីការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីវេណេ ស៊ុយអេឡាឆ្នាំ២០២៤ ដែលក្រុមប្រឆាំងអះអាងថាខ្លួនមិនទុកចិត្ត ផងដែរ ដ្បិតលោក ម៉ាឌូរ៉ូ បាន ប្រកាសរួចស្រេចហើយថា រូបលោកគ្រោងនៅបន្តកាន់អំណាចរហូតដល់ឆ្នាំ២០៣០ឯណោះ៕