សម្ដេចតេជោ ហ៊ុន សែន ផ្ដល់ធាតុចូល៥ចំណុច ដល់កិច្ច​ប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ានបូក ដើម្បី សម្រេចបាន «សន្តិសុខប្រកបដោយភាពសុខដុម» នៅក្នុងតំបន់

 (សៀមរាប)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បានចែករំលែកនូវទស្សនៈ ក៏ដូចជាធាតុចូលចំនួន៥ចំណុច ដល់កិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ាន បូក ដើម្បីសម្រេចបាន «សន្តិសុខប្រកបដោយភាពសុខដុម» នៅក្នុងតំបន់។ កិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ានបូក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ កំំពុងប្រព្រឹត្តទៅនៅខេត្ត សៀមរាប ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។

ទស្សនៈ៥ចំណុចរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ាន បូកលើកទី៩ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ រួមមាន៖

*ទី១៖ លើកកម្ពស់មជ្ឈភាពអាស៊ាន ដែលជាទូទៅសំដៅទៅលើតួនាទីប្រមូលផ្តុំរបស់អាស៊ាន ក្នុង ការដាក់ចេញនូវរបៀបវារៈ និងសមត្ថភាពក្នុងការកំណត់ និងកែប្រែលទ្ធផល។

*ទី២៖ លើកកម្ពស់និម្មាបនកម្មសន្តិសុខតំបន់ ដោយផ្អែកលើច្បាប់ប្រកបដោយបរិយាបន្ន និងបើក ចំហ។ ទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូប៉ាស៊ីហ្វិក គឺជាយានដ៏សំខាន់មួយ ដើម្បីសម្រេចបាននូវ និម្មាបនកម្មសន្តិសុខតំបន់។ យើងសូមស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមឥណ្ឌូ-ប៉ាស៊ីហ្វិកទាំងអស់ ដរាបណាគំនិតផ្តួចផ្តើមទាំងនេះជំរុញឲ្យមានសន្តិភាព និងការអភិវឌ្ឍ, មិនត្រូវបានប្រើប្រាស់ដើម្បី ប្រឆាំងប្រទេសណាមួយ និងស្របតាមមជ្ឈភាពអាស៊ាន និងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ី ហ្វិក។

*ទី៣៖ ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិ ដែលផ្អែកលើការជឿទុកចិត្ត និងប្រ ជាជនជាស្នូល។ យើងបានកំណត់យកសន្តិសុខ និងសុខុមាលភាពរបស់ប្រជាជនជាមូលដ្ឋាន នៅក្នុងគោលនយោបាយសន្តិសុខ និងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់យើង។ រីឯការទុកចិត្តគ្នាទៅវិញទៅមក គឺជាមូលដ្ឋានគ្រឹះ នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។

*ទី៤៖ លើកកម្ពស់សន្តិសុខគ្រប់ជ្រុងជ្រោយ។ ជំងឺរាតត្បាតកូវីដ-១៩ គឺជាសញ្ញាដាស់តឿនឲ្យយើង យកចិត្តទុកដាក់កាន់តែខ្លាំង ដល់សន្តិសុខផ្នែកសុខភាព។ សន្តិសុខអាកាសធាតុ គឺជាបញ្ហាសំខាន់ មួយទៀត ដែលយើងចាំបាច់ត្រូវប្រមូលផ្ដុំកិច្ចខិតខំប្រឹងប្រែង និងធនធានបន្ថែមទៀត។ កិច្ចសហប្រតិបត្តិការរវាងស៊ីវិល និងយោធាលើសន្តិសុខគ្រប់ជ្រុងជ្រោយ គឺកាន់តែមានសារៈ សំខាន់។

*ទី៥៖ លើកកម្ពស់សន្តិសុខប្រកបដោយកិច្ចសហប្រតិបត្តិការ។ ដោយសារមានការកើនឡើង នៃ ភាពស្មុគស្មាញ និងលក្ខណៈច្រើនទម្រង់របស់សន្តិសុខ និងការគំរាមកំហែងឆ្លងដែន, យើងត្រូវតែ សហការឲ្យបានជិតស្និទ្ធបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាប្រឈម និងឧបសគ្គទាំងនេះ។

បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ទំនាក់ទំនង និងកិច្ចពិភាក្សាគ្នា ដោយបើក ចំហ, ស្មោះត្រង់ និងប្រកបដោយបរិយាបន្ន គឺជាមាគ៌ាឆ្ពោះទៅរកការបំបាត់ភាពតានតឹង, ការបង្ការ ជម្លោះនាពេលអនាគត និងការកសាង «សន្តិសុខប្រកបដោយភាពសុខដុម» ដោយផ្អែកលើការ គោរពគ្នា, ការយោគយល់គ្នា, ការជឿទុកចិត្តគ្នា និងការគោរពប្រយោជន៍គ្នាទៅវិញទៅមក។ យើងត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈមនៃសន្តិសុខជាប្រពៃណី និងមិនមែនជាប្រពៃណីរបស់ យើង៕