សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញបើកសម័យប្រជុំពេញអង្គលើកទី២ នៃមហាសន្និបាត អន្តរសភាអាស៊ាន លើកទី៤៣

 (ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និង ប្រធានសភាបណ្តាប្រទេសសមាជិកអាយប៉ា (AIPA) លើកទី៤៣ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ បានអញ្ជើញបើកសម័យប្រជុំពេញអង្គលើកទី២ នៃមហាសន្និបាតអន្តរសភាអាស៊ាន។

ពិធីបើកសម័យប្រជុំពេញអង្គលើកទី២ នៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣នេះ បានធ្វើ ឡើងនៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ប្រធានសភាអាយប៉ា រួមមាន៖ ប្រទេសព្រុយណេ ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន សិង្ហបុរី ថៃឡង់ដ៍ វៀតណាម ព្រមទាំងបណ្តា ប្រទេសសង្កេតការណ៍ សមាជិកសភាប្រទេសជាភ្ញៀវ ព្រមទាំងបណ្តាអង្គការ សមាគម និងស្ថាប័ន ស្រាវជ្រាវមួយចំនួនផងដែរ។

សម័យប្រជុំពេញអង្គលើកទី២ ជាថ្ងៃទី៤ នៃមហាសន្និបាតអន្តរសភាអាស៊ាន-អាយប៉ា មានសេចក្តីថ្លែងការណ៍ និងអនុម័តលើរបាយការណ៍មួយចំនួនរួមមាន៖

ទី១៖ គណៈកម្មាធិការសមាជិកសភាស្ត្រីអាយប៉ា (វ៉ាយប៉ា)
ទី២៖ គណៈកម្មាធិការសមាជិកសភាវ័យក្មេងអាយប៉ា (វ៉ាយភីអេ)
ទី៣៖ គណៈកម្មាធិការនយោបាយ
ទី៤៖ គណៈកម្មាធិការកិច្ចការសេដ្ឋកិច្ច
ទី៥៖ គណៈកម្មាធិការកិច្ចការសង្គមកិច្ច
និងទី៦៖ គណៈកម្មាធិការរៀបចំ និងសវនការអាយប៉ា-អាស៊ាន។

បន្ថែមពីនេះ ក៏មានពិធីប្រគល់ទង់សភាសង្កេតការណ៍អាយប៉ា, កិច្ចពិភាក្សាជាមួយសភាសង្កេត ការណ៍ ព្រមទាំងកិច្ចប្រជុំគណៈកម្មាធិការបូកសរុបផងដែរ។

មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ បានប្រារព្ធធ្វើក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីចីរភាព បរិយាប័ន្ន និងភាពធន់» ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។

អន្តរសភាអាស៊ាន (AIPA) ជាវេទិកាសភាបណ្ដាប្រទេសជាសមាជិកអាស៊ានដែលបានប្រមូលផ្តុំ នូវមតិ យោបល់ និងទស្សនៈរបស់តំណាងពលរដ្ឋ ក្នុងការលើកកម្ពស់យន្តការសភា ក្រោមចក្ខុ វិស័យទូលំទូលាយ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហារួម ដែលប៉ះពាល់ដល់ តំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាពិភពលោក សំដៅធានាឱ្យមានសន្តិសុខ ស្ថិរភាព និងវិបុលភាពប្រក ដោយចីរភាព៕