(បាងកក)៖ ឯកឧត្តម សុខ សូកេន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្រ្តីស្តីទីកម្ពុជា យុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក) បានគូសបញ្ជាក់អំពីសារសំខាន់ នៃការចូលរួមចំណែកបំពេញបន្ថែម របស់ដៃគូ អភិវឌ្ឍន៍នីមួយៗ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសសមាជិកអេកម៉ិក ក្នុងការលើកកម្ពស់ វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងអនុតំបន់មេគង្គ តាមរយៈយន្តការអេកម៉ិក។
ការលើកឡើងបែបនេះរបស់ ឯកឧត្តម សុខ សូកេន បានធ្វើឡើងនាឱកាស ដែលលោកបានដឹក នាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំឧត្តមមន្រ្តីអេកម៉ិក និងដៃគូអភិវឌ្ឍន៍លើកទី១ ដែលរៀបចំឡើងដោយប្រទេសថៃ និងដឹកនាំដោយប្រទេសឡាវ ក្នុងនាមជាប្រធានកិច្ចប្រជុំកំពូល អេកម៉ិកលើកទី១០ ក្នុងទម្រង់ Hybrid នៅទីក្រុងបាងកក ប្រទេសថៃ។
កិច្ចប្រជុំនេះ មានការចូលរួមពីឧត្តមមន្រ្តីអេកម៉ិក (កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម) និងដៃគូ អភិវឌ្ឍន៍របស់អេកម៉ិក រួមមាន៖អូស្រា្តលី ចិន ឥណ្ឌា ជប៉ុន កូរ៉េ អាមេរិក អ៉ីស្រាអែល និងនូវែល សេឡង់។ ក្នងឱកាសនោះដែរ អង្គប្រជុំ ក៏បានអនុម័តផែនការអភិវឌ្ឍន៍រួមគ្នារវាងអេកម៉ិក និងក្រុម ទី១ នៃដៃគូអភិវឌ្ឍន៍អេកម៉ិករួមមាន៖ អូស្រា្តលី ចិន ឥណ្ឌា ជប៉ុន កូរ៉េ និងអាមេរិក។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម សុខ សូកេន ក៏បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ទាំង អស់ ដែលបានចូលរួមចំណែក និងគាំទ្រដល់ក្របខណ្ឌកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គរបស់ យើង រួមមានយន្តការក្នុងក្របខណ្ឌ គណៈកម្មការទន្លេមេគង្គ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន កិច្ចសហប្រតិបត្តិការមេគង្គ-កូរ៉េ កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ភាពជាដៃគូមេគង្គ-អាមេរិក និងភាពជាដៃគូមេគង្គ-អូស្រា្តលី៕