សម្ដេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំង ការសម្អាតប្រាក់

 (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋ មន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការ សម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ) បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើកទី៥ របស់គ.ស.ហ។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យអំពីលទ្ធផលនៃសេចក្តីសម្រេចរបស់មហាសន្និបាទក្រុមការងារហិរញ្ញវត្ថុ (Financial Action Task Force-FATE) លើរបាយការណ៍វឌ្ឍនភាពជុំទី១០ របស់កម្ពុជា ព្រមទាំងដាក់ ចេញនូវទិសដៅកាងារបន្តទៀត ដើម្បីត្រៀមលក្ខណៈឱ្យបានល្អ សម្រាប់ការចុះដោះស្រាយការ ងារនៅអំឡុងខែមករា ឆ្នាំ២០២៣ខាងមុខ ដើម្បីសំដៅដកកម្ពុជាចេញពីបញ្ជីប្រផេះ FATF នាពេលខាងមុខ។

សម្ដេចក្រឡាហោម ក៏បានលើកឡើងថា ផ្អែកតាមរបាយការណ៍បឋមដែលសម្ដេចទទួលបានជាបន្ដ បន្ទាប់ពី ធនាគារជាតិនៃកម្ពុជា និងអ្នកពាក់ព័ន្ធ កម្ពុជាបានរៀបចំរបាយការណ៍វឌ្ឍនភាពជុំទី១០ របស់ខ្លួន និងបានដាក់ជូន FATF បានទាន់ពេលវេលា ដោយក្នុងរបាយការណ៍នេះ បានរំលេចឲ្យ ឃើញពីវឌ្ឍនភាពល្អប្រសើរ ប្រហាក់ប្រហែលនឹងវឌ្ឍនភាពជុំទី០៩ ហើយមហាសន្និបាទ FATF កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ថា កម្ពុជា បានអនុវត្តបានពេញលេញនូវផែនការសកម្មភាព ទាំងអស់ ដែលនៅសេសសល់ និងបានសម្រេចឱ្យមានការចុះធ្វើ On-site Visit នៅក្នុងខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។

សម្ដេចក្រឡាហោម ស ខេង បានអះអាងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាម គ.ស.ហ សម្ដេចក្រឡាហោម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងកិច្ចសហ ការល្អរបស់ គ.ស.ហ នៃក្រសួង-ស្ថាប័ន្ឋ និងយុទ្ធនាការពាក់ព័ន្ធទាំងអស់ ដែលកន្លងមកបានខិត ខំធ្វើការងារយ៉ាងសកម្ម ទាំងថ្ងៃ ទាំងយប់ រហូតដល់សម្រេចបានលទ្ធជាវិជ្ជមានល្អប្រសើរជា បន្ដបន្ទាប់នេះ ផងដែរ។

លើសពីនេះ សម្ដេចក្រឡាហោម ក៏បានបន្ថែមថា ការសម្រេចរបស់ FATF ឲ្យមានការធ្វើ On-site Visit សម្រាប់កម្ពុជាមិនត្រឹមតែជាជោគជ័យក្នុងជំហ៊ានដ៏សំខាន់មួយសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែ ជាឱកាសមាសដ៏កម្រសម្រាប់កម្ពុជា ដើម្បីឈានខ្លួនទៅរកការដកចេញពីបញ្ជីប្រផេះ ដែលជាគោល ចុងក្រោយ នៃបេសកម្មរបស់ គ.ស.ហ។ សម្ដេច បន្ដថា ការចុះ On-site Visit នាពេលខាងមុខនេះ គឺជាដំណាក់កាលចុងក្រោយនូវក្នុងក្របខ័ណ្ឌ នៃនិតិវិធីរបស់ FATF មុនសម្រេចដកកម្ពុជាចេញពី បញ្ជីប្រផេះរបស់ខ្លួន៕