(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានអោយដឹងថា គណបក្សសាធារណរដ្ឋ បានដណ្ដើមគ្រប់គ្រងសភាតំណាងរាស្ត្រអាមេរិកឡើងវិញហើយ នៅថ្ងៃពុធសប្ដាហ៍នេះ បន្ទាប់ពីទទួលសំឡេងភាគច្រើននៅក្នុង ការ បោះឆ្នោតពាក់កណ្ដាលអាណត្តិ បើទោះជាទទួលបានលទ្ធផលផ្ទុយពីការរំពឹងទុកក៏ដោយ។
បើតាមលទ្ធផលបោះឆ្នោត លោក ម៉ៃក ហ្កាសៀ (Mike Garcia) មកពីគណបក្សសាធារណរដ្ឋបាន ទទួលជ័យជម្នះ នៅក្នុងការប្រកួតប្រជែងនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ដែលនេះ បានធ្វើឱ្យអាសនៈរបស់ គណបក្សសាធារណរដ្ឋកើនដល់ ២១៨អាសនៈ ដែលជាសំឡេងភាគច្រើនដើម្បីគ្រប់គ្រងសភា តំណាងរាស្ត្រអាមេរិក ខណៈគណបក្សប្រជាធិបតេយ្យ ទទួលបាន ២១០អាសនៈ។
ចំណែកឯ លោក ខេវីន ម៉ាកខាធី (Kevin McCarthy) ត្រូវបានគេរាយការណ៍ថានឹងឡើងកាន់ តំណែងជាប្រធានសភាតំណាងរាស្ត្រអាមេរិក នៅពេលដែលសភាថ្មីទាំង២ របស់សហរដ្ឋអាមេរិក បើកសម័យប្រជុំនៅដើមឆ្នាំក្រោយបន្ទាប់ពីគណបក្សសាធារណរដ្ឋបានតែងតាំងរូបលោកឱ្យកាន់មុខនាទីនេះ។ បើដូច្នេះមែន លោក ម៉ាកខាធី នឹងត្រូវ ឡើងធ្វើជាប្រធានសភាតំណាងរាស្ត្រអាមេរិក ជំនួសលោកស្រី ណាន់ស៊ី ផេឡូស៊ី មកពីគណបក្សប្រជាធិបតេយ្យដែលរក្សាការគ្រប់គ្រងព្រឹទ្ធ សភាអាមេរិកដដែល៕