(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់បញ្ចូនក្រុមការងារចំនួនគោលដៅ ចុះមូលដ្ឋានខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដើម្បីចុះទៅពិនិត្យជាក់ស្ដែង និងរកដំណោះ ស្រាយសមស្របនៅនឹងកន្លែងជូនប្រជាកសិករ ក្នុងឱកាសប្រមូលផលស្រូវ។
បើតាមសេចក្តីប្រកាសព័ត៌មានដែលទទួលបាននៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បាន បញ្ជាក់ថា បន្ទាប់ពីក្រសួងបានដឹងពីការធ្លាក់ចុះនៃថ្លៃស្រូវនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមាន ជ័យ នាពេលថ្មីៗនេះ ក៏បានសម្រេចចាត់បញ្ចូនអនុរដ្ឋលេខាធិការ ចំនួន២រូបគឺលោក ឃី កុសល និងលោក ឈុំ ឆុនលី ព្រមទាំងក្រុមការងារនៃអគ្គនាយកដ្ឋានកសិកម្ម ដើម្បីពិនិត្យជាក់ស្តែងក្នុង មូលដ្ឋានខេត្តទាំងពីរតែម្តង។
សូមជ្រាបថា ពេញមួយខែវិច្ឆិកា រហូតដល់ពាក់កណ្ដាលខែធ្នូ គឺជាពេលវេលាប្រមូលផលស្រូវ រដូវវស្សាជាពិសេសប្រភេទពូជស្រូវផ្ការំដួល ដែលជាហេតុធ្វើឱ្យរោងម៉ាស៊ីនកិនស្រូវកំពុងកកស្ទះ និងជះឥទ្ធិពលដល់ថ្លៃស្រូវដូចកាលពីឆ្នាំកន្លងទៅដែរ។ ឆ្នាំនេះក៏ការប្រមូលផលនៅតែមានច្រើន និងសម្រុកធ្វើឡើងព្រមៗគ្នាចាប់ពីដើមខែវិច្ឆិកាមក។ បើទោះបីជាដំណាំស្រូវត្រូវរងផលប៉ះពាល់ដោយសារទឹកជំនន់ក៏ដោយ។
នៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ រោងម៉ាស៊ីនកិនស្រូវជាច្រើនកំពុងមមាញឹកក្នុងការ ប្រមូលទិញ សម្ងួត និងកិនស្រូវប្រភេទផ្ការំដួលនេះ ទៅតាមសមត្ថភាព និងលទ្ធភាពរៀងៗខ្លួន។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអំពាវនាវដល់បងប្អូនប្រជាកសិករដែលជួបបញ្ហា ជាក់ស្តែង ឱ្យទាក់ទងផ្ទាល់មកក្រុមការងាររបស់ក្រសួងតាមរយៈទូរស័ព្ទលេខ ០៩៥ ៩៥១ ១១១ (សម្រាប់ខេត្តបាត់ដំបង) និងលេខ ០១២ ៨៣៨ ៩៣៧ (សម្រាប់ខេត្តបន្ទាយមានជ័យ) ដើម្បី ឱ្យក្រុមការងារក្រសួងអាចទទួលបានព័ត៌មានពេញលេញ និងធ្វើការសម្របសម្រួលជាមួយរោង ម៉ាស៊ីនកិនស្រូវនៅក្នុងតំបន់។
ទន្ទឹមគ្នានេះក្រសួងសូមអំពាវនាវឱ្យបងប្អូននៅក្នុងបណ្ដាញសង្គមបញ្ឈប់នូវការបង្ហោះព័ត៌មានមិនពិតដែលថាក្រសួងមិនអើពើជួយដោះស្រាយ។ ការបង្ហោះព័ត៌មានបែបនេះនឹងបង្កការភ័យបារម្ភដល់ប្រជាកសិករដែលមិនទាន់ដល់ពេលប្រមូលផល ឱ្យប្រញាប់ច្រូតស្រូវមិនទាន់គ្រប់គុណភាពដើម្បីលក់ ដែលធ្វើឱ្យថ្លៃស្រូវកាន់តែធ្លាក់ចុះថែម ទៀត៕