អ្នកស្លាប់ដោយសារព្យុះត្រូពិក Nalgae នៅហ្វីលីពីន កើនដល់ ៩៨នាក់

(ម៉ានីល)៖ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ នៅក្នុងប្រទេសហ្វីលីពីន បានឱ្យដឹងនៅថ្ងៃចន្ទនេះ ចំនួនមនុស្សស្លាប់ ដោយសារគ្រោះរអិលបាក់ដី និងទឹកជំនន់ ដែលបង្កឡើងពី​ព្យុះត្រូពិក ណាល់ហ្គែ (Nalgae)​ នៅឯភាគខាងត្បូងនៃប្រទេសបានកើនដល់៩៨នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២។

នៅក្នុងសន្និសីទសារព័ត៌មានរបស់ខ្លួន អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយហ្វីលីពីន បានបញ្ជាក់ទៀតថា មនុស្ស ៦៣នាក់បានបាត់ខ្លួន និង៦៩នាក់ផ្សេងទៀត បានរងរបួស ហើយពាក់កណ្ដាលនៃជនរងគ្រោះដែលបានបាត់បង់ជីវិត គឺស្លាប់នៅក្នុងគ្រោះទឹកជំនន់ និងរអិលបាកដីដែលបានវាយប្រហារលើភូមិជាច្រើននៃ កោះ មិនដាណាវ (Mindanao) កាលពីថ្ងៃសុក្រ។

គួរបញ្ជាក់ថា ហ្វីលីពីន គឺជាប្រទេសមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលតែងតែរងគ្រោះដោយសារខ្យល់ព្យុះជាញឹកញាប់ ដោយយ៉ាងហោចព្យុះចំនួន២០ មានទាំង ស្លូត និងកាច បានវាយប្រហារលើប្រទេសមួយនេះក្នុងមួយឆ្នាំៗ៕