(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២ អោយដឹងថា រុស្ស៉ី បានជូនដំណឹងដល់ភាគីសហរដ្ឋអាមេរិក ជាមុនពីផែនការដឹកនាំ ការធ្វើសមយុទ្ធប្រចាំឆ្នាំនៃកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន ខណៈក្រុមមន្ត្រីអាមេរិក និយាយថាសម យុទ្ធនេះមានហានិភ័យទាបនៃការបង្កការភ័ន្តច្រឡំ បើទោះជារុស្ស៉ីចេះតែគំរាមពីការប្រើប្រាស់អាវុធ នុយក្លេអ៊ែរក៏ដោយ។
បើតាមសហរដ្ឋអាមេរិក រុស្ស៉ីនឹងដឹកនាំការបាញ់សាកល្បងមីស៊ីល កំឡុងការធ្វើសមយុទ្ធប្រចាំឆ្នាំ ឈ្មោះថា Grom នៃកងកម្លាំងយុទ្ធសាស្ត្រនុយក្លេអ៊ែររបស់ខ្លួន ជាមួយ ការបញ្ជាក់ថាទីក្រុងមូស្គូបាន បាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបនៅក្នុងសមយុទ្ធកាលពីលើកមុន។ នៅក្រោមសន្ធិសញ្ញា New START Treaty រុស្ស៉ី និងសហរដ្ឋអាមេរិក មានកាតព្វកិច្ចជូនដំណឹងគ្នាជាមុន ពីការបាញ់សាក ល្បងមីស៊ីល ដើម្បីបញ្ចៀសការយល់ឡំណាមួយ។ អ្នកនាំពាក្យកងទ័ពអាមេរិក លោក ផាតទ្រីក រ៉ៃដឺ (Patrick Ryder) បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយនៅថ្ងៃអង្គារសប្ដាហ៍នេះដូច្នេះថា «សហរដ្ឋអាមេរិកត្រូវបានជូនដំណឹងជាមុន ដូចដែលយើងទទួលបានដំណឹងកាលពីពេល មុនៗ ហើយនេះគឺជាសមយុទ្ធជាទម្លាប់ប្រចាំឆ្នាំរបស់រុស្ស៉ី»។ ប៉ុន្តែ លោក រ៉ៃដឺ មិនបានបញ្ជាក់លម្អិត លើសពីនេះទេ ឬក៏កាលបរិច្ឆេទនៃការធ្វើសមយុទ្ធរបស់រុស្ស៉ីនោះដែរ៕