នាយករដ្ឋមន្រ្តីជប៉ុន តែងតាំងអតីតរដ្ឋមន្រ្តីសុខាភិបាលលោក Shigeyuki Goto ជារដ្ឋមន្រ្តីសេដ្ឋកិច្ចថ្មី

 (តូក្យូ)៖  តាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ ២០២២ បញ្ជាក់ថា នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គិស៊ីដា (Fumio Kishida) នៅថ្ងៃអង្គារនេះ បានតែងតាំងអតីតរដ្ឋមន្រ្តីសុខាភិបាល លោក ស៉ីហ្គីយូគិ ហ្កូតូ (Shigeyuki Goto) ជារដ្ឋមន្រ្តីសេដ្ឋ កិច្ចបន្ទាប់ ក្រោយពីរដ្ឋមន្រ្តីបច្ចុប្បន្ន សុំលាលែងពីតំណែង ជុំវិញការរិះគន់លើរូបលោក ជាមួយក្រុម សាសនា Unicifation Church។

ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាន លោក គីស៉ីដា បានបញ្ជាក់ថា ហេតុផលដែលលោកសម្រេច ជ្រើសរើសយក លោក ហ្កូតូ ឲ្យកាន់តំណែងនេះគឺដោយផ្អែកលើ «បទពិសោធន៍នយោបាយ ជំនាញធ្វើបទបង្ហាញខ្ពស់ និងចំណង់ចំណូលចិត្ត ចំពោះកំណែទម្រង់សេដ្ឋកិច្ច និងសង្គម»។

សូមបញ្ជាក់ថា បន្ទាប់ពីការអំពាវនាវជាច្រើនសប្តាហ៍ ដោយសមាជិកសភាបក្សប្រឆាំងឲ្យលាលែង ពីតំណែង អតីតរដ្ឋមន្ត្រីសេដ្ឋកិច្ច លោក ដៃស៉ីរ៉ូ យ៉ាម៉ាហ្គីវ៉ា (Daishiro Yamagiwa) បានសុំលា លែងពីតំណែងក្រោមហេតុផលថា លោកធ្វើឲ្យមានភាពរអាក់រអួល ដល់រដ្ឋាភិបាលក្នុងការចំណាយ ពេលយូរពេក ដើម្បីពន្យល់យ៉ាងច្បាស់អំពីទំនាក់ទំនងរបស់លោក ជាមួយក្រុមសាសនា Unicifation Church ដែលជាប្រធានបទមានការយកចិត្តទុកដាក់ជាខ្លាំង ក្រោយអតីតនាយក រដ្ឋមន្ត្រី អាបេ ស៊ីនហ្សូ ត្រូវគេធ្វើឃាត កាលពីខែកក្កដា៕