(ភ្នំពេញ)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា កិច្ចព្រម ព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាង កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នឹងកា្លយជាកម្លាំងចលករ ជំរុញកំណើនរួមតាមរយៈការជំរុញខ្សែច្រវាក់ផ្គត់ផ្គង់ ការសម្រួលដល់លំហូរពាណិជ្ជកម្ម និងការ ជំរុញការវិនិយោគទ្វេភាគី។
នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្មកម្ពុជា ស្តីពី ពិធីប្រកាសបើកជាផ្លូវការ អំពីការចាប់ផ្តើមដំណើរការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយរវាង កម្ពុជា-អេមីរ៉ាត អារ៉ាប់រួម ដែលទទួលបាននៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។
ការប្រកាសបើកជាផ្លូវការនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងអាប៊ុយដាប៊ី អេមីរ៉ាតអារ៉ាប់រួម ក្រោមអធិបតីភាពរបស់លោក ប៉ាន សូរស័ក្តិ និងលោកបណ្ឌិត ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី រដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងសេដ្ឋកិច្ច អេមីរ៉ាតអារ៉ាប់រួម និងមានវត្តមានចូលរួមពីក្រុមការងារចរចាអន្តរក្រសួង សភាពាណិជ្ជកម្ម និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិមកពីស្ថាប័នសាធារណៈ និងវិស័យឯកជននៃភាគីទាំងពីរ សរុបប្រមាណ ១០០រូប។
ក្នុងពិធីនេះ ភាគីទាំងពីរ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច ទ្វភាគី តាមរយៈការធ្វើពិពិធកម្មទីផ្សារសម្រាប់នាំចេញទំនិញ និងសេវាកម្ម ព្រមទាំងការបង្កើត កាលានុវត្តភាព សម្រាប់ការវិនិយោគ និងពង្រឹងកិច្ចសហការសម្រាប់វិស័យអាទិភាព។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកឡើងថា ប្រទេសអេមីរ៉ាតអារ៉ាប់រួម គឺជាដៃគូពាណិជ្ជកម្មឈានមុខ គេរបស់កម្ពុជា នៅក្នុងតំបន់មជ្ឈឹមបូព៌ា ដែលរួមចំណែកប្រមាណ ៦០% នៃទំហំពាណិជ្ជកម្មសរុប របស់កម្ពុជា ជាមួយតំបន់នេះ ហើយកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE Comprehensive Economic Partnership Agreement-CEPA) នឹងបន្តគាំទ្រដល់ភាពរីកចម្រើន នៃទំនាក់ទំនងពាណិជ្ជកម្មទំនិញរវាងប្រទេសទាំងពីរ ដែលក្នុងរយៈពេល ០៨ខែ នៃឆ្នាំ២០២២នេះ សម្រេចបានទឹកប្រាក់សរុបប្រមាណ ២៧៩ លាន ដុល្លារអាមេរិក ជាមួយនឹងកំណើន ៤០% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីតួនាទីដ៏សំខាន់របស់ «Cambodia-UAE CEPA» ក្នុងការផ្តល់លទ្ធភាពឲ្យកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម អាចបំពេញបន្ថែមនូវសក្តានុពល សេដ្ឋកិច្ចរវាងគ្នា ដែលនឹងកា្លយជាកម្លាំងចលករជំរុញកំណើនរួម តាមរយៈការជំរុញខ្សែច្រវាក់ ផ្គត់ផ្គង់ ការសម្រួលដល់លំហូរពាណិជ្ជកម្ម និងការជំរុញការវិនិយោគទ្វេភាគីជាដើម។
ឯកឧត្តម រដ្ឋមន្ត្រី បានបន្តថា «Cambodia-UAE CEPA» មានលក្ខណៈពិសេសសម្រាប់ប្រទេស ទាំងពីរ ដោយសារកិច្ចព្រមព្រៀងនេះ នឹងបន្តពង្រឹងមិត្តភាពដែលមានស្រាប់ជាប្រពៃណី រវាង ប្រទេសទាំងពីរ និងលើកកម្ពស់ទំនាក់ទំនង ដែលកំពុងរីកចម្រើនរវាងពិភពអារ៉ាប់ និងអាស៊ាន។ តំបន់ទាំងពីរ នាពេលបច្ចុប្បន្ននេះ ស្ថិតក្នុងចំណោមតំបន់ ដែលមានថាមវ័ន្តសេដ្ឋកិច្ចខ្លាំងនៅលើ ពិភពលោក ដូចនេះ មានកាលានុវត្តភាពជាច្រើន ដែលភាគីទាំងពីរ អាចច្បាមយកសម្រាប់ការ អភិវឌ្ឍខឿនសេដ្ឋកិច្ច។ អេមីរ៉ាតអារ៉ាប់រួម អាចជាមូលដ្ឋានរបស់កម្ពុជាសម្រាប់ការផ្គត់ផ្គង់ទៅ ទីផ្សារអារ៉ាប់ ហើយដូចគ្នាដែរ កម្ពុជាអាចជាមូលដ្ឋានរបស់អេមីរ៉ាតអារ៉ាប់រួម សម្រាប់តំបន់អាស៊ាន ទាំងមូល។
លោកបណ្ឌិត អាល់ ហ្សេយូឌី ក៏បានលើកឡើងដែរថា ការចរចាពាណិជ្ជកម្មសេរីជាមួយកម្ពុជា គឺជាផ្នែកដ៏សំខាន់នៃយុទ្ធសាស្ត្ររបស់អេមីរ៉ាតអារ៉ាប់រួម ក្នុងការកសាងទំនាក់ទំនងកាន់តែជិតស្និទ្ធ និងរឹងមាំជាមួយដៃគូពាណិជ្ជកម្មជុំវិញពិភពលោក។ អេមីរ៉ាតអារ៉ាប់រួម បាននឹងកំពុងតាក់តែង ទស្សនវិស័យសេដ្ឋកិច្ចសម្រាប់រយៈ ពេលវែង និងកសាងនូវមូលដ្ឋានគ្រឹះដើម្បីសម្រេចបាននូវ កំណើន កាលានុវត្តភាព និងភាពជោគជ័យបន្ថែមទៀត។
លោកបណ្ឌិត អាល់ ហ្សេយូឌី បន្ដថា របៀបវារៈនៃកិច្ចព្រមព្រៀង Cambodia-UAE CEPA នេះ គឺពិតជាមានសារៈសំខាន់សម្រាប់គោលបំណងទាំងនេះ ហើយយើងសូមស្វាគមន៍នូវកិច្ចពិភាក្សា ជាមួយគ្រប់ភាគីពាក់ព័ន្ធ ដែលមានឆន្ទៈក្នុងការពន្លឿនចរាចរណ៍នទំនិញ ធានាខ្សែច្រវាក់ផ្គត់ផ្គង់ និងស្វែងរកឱកាសក្នុងការបណ្តាក់ទុនរួមគ្នា សម្រាប់ផលប្រយោជន៍ទៅវិញទៅមក។
ឯកឧត្តម បណ្ឌិតរដ្ឋមន្ត្រី បានបន្តទៀតថា «កម្ពុជា គឺជាប្រទេសដែលមានវិបុលភាពសេដ្ឋកិច្ចនៅ ក្នុងបេះដូងនៃអាស៊ី ជាមួយនឹងវិស័យកម្មន្តសាល និងកសិកម្មដ៏រឹងមាំ ព្រមទាំងមានកំណត់ត្រា ដ៏គួរឲ្យកត់សម្គាល់នៅក្នុងវិស័យថាមពលកកើតឡើងវិញ»។
ជាការពិតណាស់ ប្រជាជាតិរបស់អេមីរ៉ាតអារ៉ាប់រួម មានគោលដៅរួមគ្នា ក្នុងការផ្តល់នូវកំណើនសេដ្ឋ កិច្ចប្រកបដោយចីរភាព ហើយយើងជឿជាក់ថា យើងនឹងអាចធ្វើការរួមគ្នា ដើម្បីពង្រឹងការនាំចេញ ការអភិវឌ្ឍវិស័យទេសចរណ៍ និងភ័ស្តុភារកម្ម។ កិច្ចពិភាក្សានៅថ្ងៃនេះ និងនៅពេលបន្ទាប់ទៀត នឹងកសាងនូវយន្តការដែលផ្តល់នូវអត្ថប្រយោជន៍រយៈពេលវែងសម្រាប់ឆ្នាំខាងមុខ។
ការចរចា Cambodia-UAE CEP គឺជាការទទួលស្គាល់នូវសេដ្ឋកិច្ចដែលកំពុងរីកចម្រើនយ៉ាងឆាប់ រហ័សរបស់កម្ពុជា ដែលរក្សាបាននូវអត្រាកំណើនប្រចាំឆ្នាំជាមធ្យមប្រមាណ ៧.៧% ចន្លោះឆ្នាំ ១៩៩៨-២០១៩ ហើយនៅឆ្នាំ២០២២នេះ ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា ត្រូវបានរំពឹងថា នឹងកើនឡើងប្រមាណ ៥.១% (ផ្អែកតាម IMF) ដែលញ៉ាំងឲ្យកម្ពុជាបន្តស្ថិតក្នុងចំណោមប្រទេស មានកំណើនសេដ្ឋកិច្ចរីកលូតលាស់ខ្លាំង។
ដំណើរការចរចាជុំទី១ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-២៦ ខែតុលា ឆ្នាំ២០២២ ដែលភាគីកម្ពុជា នឹងត្រូវដឹកនាំដោយលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងភាគីអេមីរ៉ាត អារ៉ាប់រួម នឹងត្រូវដឹកនាំដោយលោក ជូម៉ ម៉ូហាមដ អាល់ កាត (Juma Mohammed Al Kait) អនុរដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងសេដ្ឋកិច្ចអេមីរ៉ាតអារ៉ាប់រួម ព្រមជាមួយមន្ត្រី ជាន់ខ្ពស់ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរ៕