អ្នកនយោបាយប្រេស៉ីលម្នាក់ បាញ់បោះនិងគប់គ្រាប់បែកដាក់ប៉ូលិស ដើម្បីព្យាយាមរារាំងមិនឱ្យអាជ្ញាធរចាប់ខ្លួន

(ប្រាស៉ីលីយ៉ា)៖ អ្នកនយោបាយប្រេស៉ីលម្នាក់ កំពុងស្ថិតក្រោមការឃុំឃាំង បន្ទាប់ពីបានបាញ់បោះ ព្រមទាំងចោលគ្រាប់បែក ទៅលើក្រុមមន្រ្តីប៉ូលិស ដែលបានធ្វើដំណើរទៅកាន់ផ្ទះអ្នកនយោបាយរូបនោះ ស្ថិតនៅរដ្ឋរីយ៉ូឌីចាណេរ៉ូ (Rio de Janeiro) ដើម្បីចាប់ខ្លួនរូបលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២។
លោក រ៉ូបឺតូ ចេហ្វឺសុន (Roberto Jefferson) ដែលជាមនុស្សមានទំនាក់ទំនងជិតស្និទ្ធជាមួយ ប្រធានាធិបតីប្រេស៉ីល លោក ហ្សាអ៉ី បូលសូណារ៉ូ (Jair Bolsonaro) ត្រូវបានចៅក្រមតុលាការកំពូលចេញដីកា ឱ្យចាប់បញ្ជូនទៅកាន់មន្ទីរឃុំឃាំង សម្រាប់ការប្រមាថ ប្រធានតុលាការកំពូលលោកស្រី ខាម៉ិន លូសៀ (Carmen Lucia)។ តាមពិតលោក ចេហ្វឺសុន គឺស្ថិតក្រោមការជាប់ឃុំនៅក្នុងផ្ទះ​រួចស្រេចទៅហើយ សម្រាប់ការនិយាយគំរាមកំហែង ដាក់លោកស្រី លូសៀ។ ការចេញដីកាចាប់បញ្ជូនទៅកាន់មន្ទីរឃុំឃាំងនេះ គឺដោយសារលោកបានបំពានលក្ខខណ្ឌនៃការជាប់ឃុំនៅក្នុងផ្ទះ។
នៅពេលប៉ូលិសប្រេស៉ីល ធ្វើដំណើរទៅកាន់ផ្ទះរបស់លោក ចេហ្វឺសុន ដែលស្ថិតនៅក្រុងលេវី ហ្កាស្ពារៀន (Levy Gasparian) ដើម្បីចាប់រូបលោក កាលពីថ្ងៃអាទិត្យកន្លងទៅ អ្នកនយោបាយរូបនោះ មិនបានយល់ព្រមឱ្យអាជ្ញាធរចាប់តាមសម្រួលឡើយ។ លោក ចេហ្វឺសុន បានគប់គ្រាប់បែកដាក់អាជ្ញាធរ ហើយអំបែងគ្រាប់បែក ក៏បានបង្កឱ្យមន្រ្តីប៉ូលិស២នាក់ ទទួលរងរបួស។ មិនតែប៉ុណ្ណោះ លោកក៏បានបាញ់រះទៅលើរថយន្តប៉ូលិសផងដែរ មុនពេលទីបំផុតយល់ព្រមប្រគល់ខ្លួនឱ្យប៉ូលិសចាប់៕