ព្រឹកនេះសម្តេ​ចតេជោ ហ៊ុន សែន អញ្ជើញចូលរួមប្រជុំសភា បោះឆ្នោតជ្រើសតាំងលោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម

 (ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីកម្ពុជា និងជាសមាជិកសភាដែរនោះ អញ្ជើញចូលរួមប្រជុំសភា ដែលនឹងបោះឆ្នោតជ្រើស តាំងឯកឧត្តម  ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

យោងតាមសេចក្តីជូនព័ត៌មានរបស់រដ្ឋសភា បានឱ្យដឹងថា នៅថ្ងៃនេះ រដ្ឋសភាបន្តសម័យប្រជុំរដ្ឋ សភា លើកទី៨ នីតិកាលទី៦របស់ខ្លួន។ ការប្រជុំនេះពិនិត្យលើរបៀបវារៈតែមួយប៉ុណ្ណោះ គឺការ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការបំពេញបន្ថែម សមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ លោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ឯកឧត្តម  ឌិត ទីណា ត្រូវបានសម្តេចតេជោ ហ៊ុន សែន ស្នើបោះឆ្នោតទុកចិត្តជារដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ការស្នើនេះ ធ្វើឡើងបន្ទាប់ពី ឯកឧត្តម វេង សាខុន ត្រូវបាន ព្រះមហាក្សត្រខ្មែរ ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងកាលពីថ្ងៃទី០៨ ខែតុលា កន្លងទៅ។

ការស្នើនេះធ្វើឡើងដោយយោងទៅតាមរដ្ឋធម្មនុញ្ញនៃព្រះរាជណាចក្រកម្ពុជា និងច្បាប់ស្តីពីការរៀប ចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី។

យោងតាមច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី មាត្រា២១ បានចែងថា នាយក រដ្ឋមន្ត្រីលើកសំណើផ្លាស់ប្តូរ និងជំនួសសមាជិករាជរដ្ឋាភិបាលជូនរដ្ឋសភា ដើម្បីបោះឆ្នោតទុកចិត្ត។ ក្រោយពីរដ្ឋសភាបានបោះឆ្នោតទុកចិត្តហើយ សមាជិករាជរដ្ឋាភិបាលនោះ ត្រូវតែងតាំងដោយព្រះ រាជក្រឹត្យ។

សូមបញ្ជាក់ថា ឯកឧត្តម  ឌិត ទីណា ជាកូនរបស់ឯកឧត្តម  ឌិត មុន្ទី ប្រធានតុលាការកំពូល។ លោក ឌិត ទីណា កើតនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ នៅសង្កាត់លេខ១ ក្រុងភ្នំពេញ។

ឯកឧត្តម  ឌិត ទីណា បានបំពេញការងារជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ពីឆ្នាំ២០១៤ ដល់ពេលបច្ចុប្បន្ន, ជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៤ និងជាអនុរដ្ឋ លេខាធិការ ក្រសួងពាណិជ្ជកម្មពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣។

តាមរយៈតួនាទី និងការងារខាងលើនេះ ឯកឧត្តម  ឌិត ទីណា ធ្លាប់បានចូលរួមដឹកនាំលុប បំបាត់ អាជីវកម្មបូមខ្សាច់អនាធិបតេយ្យតាមដងទន្លេ, ដឹកនាំក្រុមការងាររៀបចំតាក់តែងគោលនយោបាយ ជាតិ ស្តីពីធនធានរ៉ែឆ្នាំ២០១៨-២០២៨, ដឹកនាំក្រុមការងាររៀបចំតាក់តែងច្បាប់ ស្តីពីការគ្រប់ គ្រងប្រេងកាត និងផលិតផលប្រេងកាត និងដឹកនាំតាក់តែងច្បាប់ ស្តីពីទំនិញសម្គាល់ភូមិសាស្ត្រ ជាដើម។

លោក ឌិត ទីណា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររូបវិទ្យា ពីសាកលវិទ្យាល័យ Orsay, Paris Sud នៅឆ្នាំ២០០០ និងបញ្ចប់សញ្ញាបត្រវិស្វកររ៉ែ ពី Ecole Nationale Superieure des mines de Paris នៅឆ្នាំ២០០២។

ឯកឧត្តម  ឌិត ទីណា ត្រូវបានសម្តេចតេជោ ហ៊ុន សែន ធ្លាប់ទម្លាយថា ជាអ្នកពូកែលេងអុកមួយរូប ផងដែរ៕