ប្រធានាធិបតីកូរ៉េខាងត្បូងលើកឡើងថា កូរ៉េខាងជើង នឹងមិនទទួលបានផលចំណេញអ្វីទាល់តែសោះ ពីអាវុធនុយក្លេអ៊ែរ

 (សេអ៊ូល)៖​  តាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២ បញ្ជាក់ថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) នៅ ថ្ងៃអង្គារនេះ​បាននិយាយថាកូរ៉េខាងជើងនឹងមិនទទួលបាន ផលចំណេញអ្វីទាល់តែសោះពីអាវុធ នុយក្លេអ៊ែរ ខណៈទីក្រុងព្យុងយ៉ាងកាន់តែបង្កើនការអភិវឌ្ឍសមត្ថភាពយោធារបស់ខ្លួន។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក យូន ស៊ុកយុល បានគូសបញ្ជាក់ដូច្នេះថា «កូរ៉េខាងជើងកំពុង បង្កើនការអភិវឌ្ឍសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន ដែលនេះមិនមែនត្រឹមតែគំរាមកំហែងដល់កូរ៉េខាង ត្បូងប៉ុណ្ណោះទេ តែវាគឺគំរាមកំហែងដល់ពិភពលោកទាំងមូល។ ប៉ុន្តែ ខ្ញុំជឿជាក់ថាពួកគេនឹងមិន ទទួលបានផលចំណេញអ្វីទាល់តែសោះពីអាវុធនុយក្លេអ៊ែរ»

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍ថា លោក គីម ជុងអ៊ុន បានដឹកនាំដោយផ្ទាល់ការធ្វើ សមយុទ្ធអាវុធនុយក្លេអ៊ែរតាក់ទិក ប្រឆាំងកូរ៉េខាង​ត្បូង ក្នុងរយៈពេល ២សប្ដាហ៍កន្លងមកនេះ ជាការឆ្លើយតបទៅនឹងការធ្វើសមយុទ្ធយោធារួមគ្នារវាង កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក៕