លោក​ ជា ចាន់តូ៖ ទោះស្ថិតនៅតំបន់ឆ្ងាយយ៉ាងណា ឲ្យតែមានសន្តិភាព ទីកន្លែងនោះក៏ទទួលបានការអភិវឌ្ឍ ដូចតំបន់ផ្សេងទៀត

(កំពង់ធំ)៖ លោក​ ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល​ ចុះជួយខេត្តកំពង់ធំ​ បានលើកឡើងថា ទោះស្ថិតនៅតំបន់ឆ្ងាយយ៉ាងណាក៏ដោយ ឲ្យតែមានសន្តិភាពទីកន្លែងនោះក៏ទទួបានការអភិវឌ្ឍដូចៗនឹងតំបន់ផ្សេងទៀតដែរ។
ការលើកឡើងរបស់លោក​ ជា ចាន់តូ ធ្វើឡើងក្នុងឱកាសដែលលោក និងភរិយារបស់លោក គឺលោកស្រី​ ខៀវ​ ស៉ីណា​ ព្រមទាំងសម្តេចព្រះពុទ្ធជ័យមុនី​បណ្ឌិត ឃឹម​ សន​ ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកនៃកម្ពុជា​ និងជាព្រះមេគណរាជធានីភ្នំពេញ ដែលបានអញ្ជើញ និងនិមន្តជាព្រះអធិបតីភាព​ បុណ្យបញ្ចុះខណ្ឌសីមា ឆ្លងព្រះវិហារ និងពុទ្ធាភិសេក វត្តទីបការាម ហៅវត្តពៅវើយ ស្ថិតនៅក្នុងភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។
លោក ជា ចាន់តូ​ បានអំពាវនាវចំពោះព្រះសង្ឃ​ និងប្រជាពលរដ្ឋរស់នៅឃុំពៅវើយទាំងអស់​រួមសាមគ្គីគ្នាក្នុងការថែរក្សាសន្តិភាពឲ្យបានគង់វង្ស​ ដើម្បីការពារសមិទ្ធផលដែលជាកេរ្តិ៍ដំណែលពីបុរាណ និងសមទ្ធផលដែលបានខិតខំកសាងឲ្យបានល្អ​ សម្រាប់ទុកឲ្យកូនចៅជំនាន់ក្រោយៗបានស្គាល់ និងបានរស់នៅដោយសេចក្ដីសុខសាន្ត ក្នុងសុខសន្តិភាពព្រោះថាគ្មានអ្វីមានតម្លៃជាងសុខសន្តិភាពនោះទេ។
លោកបានបន្តទៀតថា​ បើយើងការពារសន្តិភាពបានល្អ​ និងស្ថិតស្ថេរនោះយើងមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបន្តកសាង និងអភិវឌ្ឍន៍សមិទ្ធផលថ្មីៗបន្ថែមទៀត​ ក្នុងនោះរួមទាំងវិស័យពុទ្ធចក្រផងដែរ។ ជាក់ស្ដែងដូចព្រះវិហារថ្មីវត្តពៅវើយដ៏ស្គឹមស្កៃបង្ហាញខ្លួន​ អណ្ដែតលើផ្ទៃទឹកបឹងទន្លេសាបនេះជាសក្ខីភាពស្រាប់ ។
លោកបន្ដថា​ តើយើងបាននឹកស្មានថា​ តំបន់ដាច់ស្រយ៉ាលមួយនេះទទួលបានការីកចម្រើនដូចសព្វថ្ងៃនេះទេទាំងនេះមិនបានមកដោយសារគុណបុណ្យសន្តិភាព និងកាដឹកនាំប្រកបដោយគតិបណ្ឌិតសម្ដេចតេជោ ហ៊ុន សែន និងការចូលរួមពីមហាកម្លាំងសាមគ្គីរបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា​ ព្រះវិហារថ្មីវត្តពៅវើយនេះ​ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈលោក ជា ចាន់តូ និងលោកស្រី ខៀវ ស៊ី ណា។
ព្រះវិហារនេះបានចាប់ផ្ដើមកសាងនៅថ្ងៃទី ៣០​ ខែមិនា​ ឆ្នាំ ២០១៨ នឹងបញ្ចប់ឲ្យរួចរាល់នៅថ្ងៃទី១០​ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ។ ព្រះវិហារថ្មីនេះកសាងតាមរចនាបទខ្មែរ​ ខ្ពស់ផុតពីទឹកមានបណ្ដោយ២៩ម៉ែត្រ៧០​ និងទទឹង២១ម៉ែត្រ​ គិតជាទឹកប្រាក់អស់ទឹកចំនួន២៧ម៉ឺន៧ពាន់ដុល្លាអាមេរិក។
នៅក្នុងឱកាសនោះសម្តេចព្រះពុទ្ធជ័យមុនី​បណ្ឌិត ឃឹម​ បានឧបត្ថម្ភម៉ាស៊ីនភ្លើងមួយគ្រឿង​ តាមការបិណ្ឌបាត្ររបស់ព្រះចៅអធិការវត្តពៅវើយ​ ហើយលោក ជា ចាន់តូ និងលោកស្រីបានប្រគេនបច្ច័យ៥០លានរៀល​ ដើម្បីទុកកសាងសមិទ្ធផលក្នុងវត្តបន្ត​ និងបានចែកអំណោយដ៏សប្បុរស មានថវិកា ,ក្រណាត់,សារុង និងសម្ភារៈសិក្សាដែលបានចូលមាន​លោកយាយលោកតាចំនួន៥៥នាក់​ ប្រជាពលរដ្ឋចំនួន៨៣០នាក់​ និងសិស្សនុសិស្ស២៥០នាក់​ ព្រមទាំងកម្លាំងដែលបានបំរើការក្នុងកម្មវិធីផងដែរ៕