(បេរូត)៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៧ ខែតុលា ឆ្នាំ២០២២ គឺ ទីបញ្ជាការកណ្តាលយោធាអាមេរិក ហៅកាត់ថា Centcom បានឲ្យថា កងកម្លាំង អាមេរិកបានសម្លាប់ សមាជិកជាន់ខ្ពស់នៃក្រុម ISIS កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្នុងប្រតិ បតិ្តការវាយឆ្មក់មុនថ្ងៃរះ នៅភាគឦសានប្រទេសស៊ីរី។
ប្រតិបត្តិការនេះ គឺជាកិច្ចខិតខំប្រឹងប្រែងថ្មីចុងក្រោយរបស់សហរដ្ឋអាមេរិក ក្នុងការបោសសំអាត ក្រុមភេរវករ ISIS ដែលនៅបន្តតែរៀបចំការវាយប្រហារនៅក្នុងប្រទេសស៊ីរី និងប្រទេសអ៊ីរ៉ាក់។ អ្នកនាំពាក្យទីបញ្ជាការដ្ឋានយោធាអាមេរិក ប្រចាំតំបន់មជ្ឈិមបូព៌ា (Centcom) លោក កូឡូណេល ចូប៊ូសស៉ីណូ (Colonel Joe Buccino) បានប្រាប់ AFP ឲ្យដឹងថា «កងកម្លាំង Centcom បាន ធ្វើការវាយឆ្មក់នៅភាគឦសានប្រទេសស៊ីរី ដោយមានគោលដៅលើសមាជិកជាន់ខ្ពស់ ISIS ម្នាក់»។
ក្រោយមក Centcom បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយឆ្មក់បានកំណត់គោលដៅ លើ មន្រ្តីជាន់ខ្ពស់ ISIS មួយរូប ឈ្មោះ រ៉ាកាន់ វ៉ាហីដ អាល់ សាម៉ារី (Rakkan Wahid al-Shammari) ដែលល្បីឈ្មោះជាអ្នកសម្របសម្រួលការរត់ពន្ធអាវុធ និងជនសកម្មប្រយុទ្ធ។ លោក សាម៉ារី ត្រូវបានសម្លាប់ រីឯសហការីរបស់លោកម្នាក់បានរងរបួស។ ជាមួយគ្នានេះ សមាជិក ISIS ២នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន ហើយការវាយឆ្មក់នេះមិនបណ្តាលឲ្យមានអ្នកបាត់បង់ជីវិត ថែមទៀតទេ៕