(សេអ៊ូល)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៧ ខែតុលា ឆ្នាំ២០២២ អោយដឹងថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅថ្ងៃសុក្រនេះបានចាប់ផ្ដើមធ្វើសម យុទ្ធយោធាជើងទឹករួមគ្នា ដោយមានការចូលរួមពីនាវាផ្ទុកយន្ដហោះចម្បាំង អាមេរិកមួយគ្រឿង ផងដែរ ជាការបង្ហាញសាច់ដុំដាក់កូរ៉េខាងជើង។
បើតាមនាយសេនាធិការចម្រុះកងទ័ពកូរ៉េខាងត្បូង ការធ្វើសមយុទ្ធយោធាជើងទឹក នឹងធ្វើឡើងនៅ ដែនទឹកនៃតំបន់ឆ្នេរភាគខាងកើតរបស់កូរ៉េខាងត្បូង ចាប់ពីថ្ងៃ៧ ដល់ទី៨ ខែតុលា។ សមយុទ្ធយោធានេះធ្វើឡើង បន្ទាប់ពីកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយខ្លី ២ គ្រាប់ ធ្លាក់ចូលសមុទ្រខាងកើត ឬសមុទ្រជប៉ុន ព្រមទាំងបានបញ្ជូនយន្ដហោះចម្បាំងជាច្រើនគ្រឿង ហោះមកក្បែរតំបន់ព្រំដែនជាមួយកូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួននាយសេនាធិការចម្រុះកងទ័ពកូរ៉េខាងត្បូងបានគូសបញ្ជាក់ដូច្នេះថា «យើងនឹងបន្តពង្រឹងសមត្ថភាពប្រតិបត្តិការរបស់ពួកយើង ហើយត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយ តបទៅនឹងរាល់ការបង្កហេតុដោយកូរ៉េខាងជើង តាមរយៈការធ្វើសមយុទ្ធយោធារួមគ្នានេះជាមួយ… កងកម្លាំងនាវាផ្ទុកយន្ដហោះចម្បាំង»។
សូមបញ្ជាក់ថា ក្រុមមន្ត្រីការពារជាតិជាន់ខ្ពស់មកពីជប៉ុន និងកូរ៉េខាងត្បូង ព្រមទាំងសហរដ្ឋអាមេរិក ក៏បានពិភាក្សាគ្នាពីស្ថានការណ៍វិវត្តន៍ចុងក្រោយ នៅថ្ងៃសុក្រ នេះផងដែរ ជាមួយថ្កោលទោសការ បាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង៕